(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងដូច្នេះថា៖

«សម្ដេច,

ខ្ញុំរន្ធត់ចិត្តជាខ្លាំងដោយបានដឹងថា បងប្រុសរបស់សម្តេច ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈ អចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាជាតិកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី ៥ ខែឧសភា ។ ក្នុងនាមស្ថានឯកអគ្គរដ្ឋទូតចិន និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ជូនចំពោះសម្ដេច និងគ្រួសារនៃសព ឯកឧត្តម ហ៊ុន ណេង ចំពោះការបាត់បង់ដ៏ធំធេងនេះ ។

សូមសម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។

ដោយស្មោះស្ម័គ»។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕