(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់ បិតា-ជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភក្តិ និងសហសេវិកដែល ឯកឧត្តមតែងតែមានសមានចិត្តជាមួយនិង ជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរមួយរូបដ៏ឆ្នើមដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈព្រមទាំងបានរួមចំណែកយ៉ាងសកម្មជាមួយយុវជន ក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

ក្នុងឱកាសពោរពេញដោយដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយនៃសពទាំងអស់ដោយ សេចក្តីសង្វេគបំផុត៕