(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រគល់កង់ចំនួន ៣៥គ្រឿង ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់នៅក្នុងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំចង្អុលបង្ហាញ និងផ្ដល់នូវភាពកក់ក្ដៅ ធ្វើឱ្យប្រភេទកីឡាទូកមួយនេះ មានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីជួយសម្រួលដល់ការប្រមូលផ្តុំហ្វឹកហាត់នៅក្នុងសហព័ន្ធឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់ លោកបានឧបត្ថម្ភកង់ចំនួន ៣៥គ្រឿង ដល់ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះគឺប្រគល់ជូនលើកទី១ ចំនួន ១៣គ្រឿង និងប្រគល់លើកទី២ នៅថ្ងៃនេះចំនួន ២២គ្រឿងទៀត ដើម្បីឱ្យកីឡាករ-កីឡាការនីទាំងអស់ ហ្វឹកហាត់សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលមានភាពល្អប្រសើរ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍ងើបឡើងវិញ ព្រមទាំងវិស័យកីឡាផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ការណ៍ទាំងនេះ បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ជាប្រចាំ និងការទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានឆ្លៀតជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ទាំងអស់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣១ ប្រទេសវៀតណាម ឱ្យទទួលបាននូវជ័យជម្នះ និងទទួលបានជោគជ័យទាំងអស់គ្នា៕