(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់វត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩១៨ សម័យអាណានិគមនិយមបារាំង ដោយមានអាយុកាលប្រមាណ១០៤ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម ហើយនៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញ ជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងសូមចូលរួមអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងក្នុងឱកាសនេះនូវមហាកុដិភ្លោះ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត សម្រាប់បម្រើឲ្យសេចក្តីត្រូវការធ្វើបុណ្យទានរបស់លោកយាយ លោកតា ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត និងដែលមកពីទីជិតឆ្ងាយ។

លោកថា ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ និងជាសារមន្ទីរនៃវប្បធម៌និងអក្សរសាស្រ្តជាតិនាគ្រប់សម័យកាល។

បើតាមលោក ហ៊ុន ម៉ាណែត ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។ ការដឹកនាំដោយធម៌ គឺសំខាន់ណាស់។ រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។

លោក ហ៊ុន ម៉ាណែត បានអះអាងថា ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងរយៈកាលជាង ៤០ឆ្នាំ ក៏ដូចជាការបង្កើត និងថែរក្សាសន្តិភាពពេញលេញជាង ២០ឆ្នាំកន្លងមកនេះ និងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ ក៏ដូចជាការបង្កើត និងធានានិរន្តភាព នៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែលគណបក្សប្រជាជនកម្ពុជាបានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។

មួយវិញទៀត សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែករបស់មិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឲ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេសការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងអ្នកស្រុកកំពង់សៀមផ្ទាល់ ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងគ្រប់ការបោះឆ្នោតកន្លងមក៕