(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូននាយទាហាន ពលទាហាន ក្នុងកងពលតូចលេខ៥១ កងទ័ពជើងគោក និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅនុភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់យោធភូមិភាគទី៥ សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។

ពិធីប្រគល់អាវភ្លៀងនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់ និងក្រុមការងារ អគ្គមេបញ្ជាការមួយចំនួនផងដែរ។

វត្តមានរបស់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាពេលនេះ បានបញ្ជាក់ច្បាស់ថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងទំនុកបម្រុង ថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន និងពលនគរបាលជាតិ ដែលជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ពុះពារគ្រប់ការលំបាកបំពេញបេសកកម្មការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារទឹកដី តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បានទាន់ពេលវេលា បញ្ហាប្រឈមនៃរោគរាតត្បាតជាសកលជំងឺកូវីដ១៩ តាមរយៈនៃការត្រួតពិនិត្យ និងទប់ស្កាត់លំហូរនៃការឆ្លងដែនខុសច្បាប់ពីសំណាក់ពលរដ្ឋនៅតាមព្រំដែនបានយ៉ាងទាន់ពេលវេលា។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។

បន្ថែមពីនេះ នាយឧត្ដមសេនីយ៍ បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីជាតិតែមួយ ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។

នាយឧត្ដមសេនីយ៍ ក៏បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់ការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ក្នុងការងារភ្ជួររាស់ ដកស្ទូង ព្រោះថាខាងមុខនេះនឹងដល់រដូវវស្សាមានភ្លៀងធ្លាក់ដែលប្រជាកសិករយើងដល់រដូវបង្កបង្កើនផលហើយ។

ជួសមុខឱ្យថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន និងពលនគរបាលជាតិ ដែលជាកងកម្លាំងប្រដាប់អាវុធឈជើងការពារសន្តិសុខ និងបូរណភាពទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ហើយបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ ។

ជាមួយគ្នានេះដែរ មេបញ្ជាការយោធភូមិភាគទី៥ បានប្ដេជ្ញាគាំទ្រ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលអនាគត បន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។ ប្ដេជ្ញាកសាងអភិវឌ្ឍ អង្គភាពរឹងមាំលើគ្រប់វិស័យ ពង្រឹងប្រព័ន្ធប្រៀបការពារជាតិ តាមពាក្យថា (រក្សាចាស់ បង្កើនថ្មី)៕