(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កម្ពុជា (អ.ជ.ប.គ.ញ) បានស្នើឱ្យដល់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បន្តជួយគាំទ្រដល់កម្ពុជាបន្ថែមទាំងបច្ចេកទេស និងសម្ភារៈ ពិសេសជូនដល់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ដើម្បីលើកម្ពស់ និងពង្រឹងសមត្ថភាព លើកិច្ចការស៊ើបអង្កេតបទល្មើសម្អាតប្រាក់។

ការស្នើសុំបែបនេះ របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានធ្វើឡើងក្នុងពិធីបិតវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេតបទល្មើសម្អាតប្រាក់ ដែលជាផលនៃបទល្មើស ដែលធ្វើឡើងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ។

ពិធីនេះមានការចូលរួមពីលោក ដេវីដ ហ្រែន តំណាងអង្គការ UNODC និងជាគ្រូបង្គោលក្នុងវគ្គ, លោក អាន់តូនី ម៉ាក់ហ្គាយ តំណាងនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំកម្ពុជា, លោកស្រី លីលី សាំង ប្រធានសម្របសម្រួល កម្មវិធីសម្រាប់ បណ្តា ប្រទេស ហត្ថលេខី នៃ អនុស្ស រណៈនៃការយោគយល់គ្នាក្នុងមហាអនុតំបន់ទន្លេមេគង្គនៃការិយាល័យអង្គការ សហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មនិងគ្រឿងញៀនប្រចាំតំបន់ អាស៊ីអគ្នេយ៍ និងប៉ាស៊ីហ្វិច។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ ក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNODC ដែលតែងតែ គាំទ្រ ដល់សកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានកន្លងមក ក្នុងន័យរួមចំណែកលើកកម្ពស់សមត្ថភាព ចំណេះដឹងមន្រ្តីអនុវតុ្តច្បាប់គ្រឿង ញៀននៅកម្ពុជា និងជាស្មារតីចូលរួមសហប្រតិបតិ្តការល្អ ក្នុងការបង្ការទប់ស្កាត់រាល់សកម្មភាពចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងទប់ស្កាត់រាល់សកម្មភាពបង្វែរសារធាតុគីមីផ្សំយកទៅសំយោគលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ទាំង នៅក្នុងតំបន់ និងសកលលោក។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ជាក់ស្តែងវគ្គបណ្តុះបណ្តាលដែលបានបញ្ចប់នៅថ្ងៃនេះ គឺជាចំណេះដឹងថ្មីមួយទៀតជូន ដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា ដែលកន្លងមកដែលសិក្ខាកាមមួយចំនួន មិនដែលធ្លាប់ ឬបានលឺខ្លះនូវអ្វីដែលជាបទល្មើសសម្អាតប្រាក់ ដែលជាភារកិច្ចបន្ថែមក្នុងចំណោមភារកិច្ចនានារបស់មន្ត្រីសម្អាតប្រាក់។

តាមរយៈលទ្ធផលដែលបានលើកឡើងដោយលោកវាគ្មិន និងជាតំណាងអ្នករៀបចំវគ្គ នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ សូមវាយតម្លៃយ៉ាងខ្ពស់ចំពោះការខិតខំរបស់លោកគ្រូឧទ្ទេសនាម និងវាគ្មិនកិត្តិយស ដែលបានផ្តល់ចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍មួយចំនួន សំដៅផ្តល់បន្ថែមចំណេះដឹង និងបញ្ជ្រាបបន្ថែមពីប្រធានបទថ្មី គឺល្មើសសម្អាតប្រាក់ ដែលសារៈសំខាន់របស់វគ្គបណ្តុះបណ្តាលនេះ សំដៅលើកកម្ពស់សមត្ថភាព មន្រ្តីដែលមកពីបណ្តាក្រសួង-ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ (មកពីស្ថាប័នអយ្យការ, តុលាការសាលាដំបូងភ្នំពេញ, អាវុធហត្ថលើផ្ទៃប្រទេស, អគ្គស្នងការនគរបាលជាតិ និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.) ជាមូលដ្ឋានលើ៖

*លក្ខណៈវិនិច្ឆ័យក្នុងការកំណត់សញ្ញាណនៃបទល្មើសសម្អាតប្រាក់?
*តើមានកត្តាអ្វីខ្លះដែលត្រូវយកមកធ្វើជាមូលដ្ឋាន ក្នុងការកំណត់សំអាង នៃបទល្មើសដែលជាបទល្មើសសម្អាតប្រាក់?
*តើមានវិធាន និងយន្តការឆ្លើយតវអ្វីខ្លះ គាំទ្រដល់ការងារស៊ើបអង្កេតស្រាវជ្រាវ និងធ្វើការបង្ក្រាបលើបទល្មើសសម្អាតប្រាក់?
*ក្រៅពីប្រធានបទទ្រឹស្តីក្នុងវគ្គ គ្រូឧទ្ទេសក៏មានការដាក់បញ្ចូលនូវករណីសិក្សាមួយចំនួនលើវិធីសាស្ត្រ និងរូបភាពមួយចំនួនក្នុងការសម្អាតប្រាក់ និងការវិភាគលើករណីសិក្សាពាក់ព័ន្ធប្រធានបទ មួយចំនួនដែលជាសកម្មភាពនៃបទល្មើសសម្អាតប្រាក់។
*ការបង្កើតតារាងម៉ាទ្រីក សម្រាប់ការងារស៊ើបង្កេត ដោយបញ្ជាក់ពីបទល្មើស, ការចោទប្រកាន់, សម្រង់ភស្តុតាង និងមធ្យោបាយទំនាក់ទំនងដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធករណីបទល្មើស និងការបង្កើតតារាងតម្រូវការធនធាន (សម្ភារៈ និងមនុស្ស) និងរយៈពេល ដែលត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការ ។

«តាមរយៈការសិក្សានេះ វាមិនមែនគ្រាន់តែជាការមកគ្រាន់តែទទួលនូវចំណេះដឹងទេ ដែលមួយផ្នែកសំខាន់ គឺការកសាងទំនាក់ទំនង ដើម្បីបន្តបេសកកម្មរួមគ្នារបស់យើង គឺប្រឆាំងការសម្អាតប្រាក់ដែលជាផលនៃបទល្មើសដែលជាផ្នែកមួយក្នុងចំណោមបទល្មើសជាច្រើនដែលមានអង្គការចាត់តាំង ដែលបាននឹងកំពុងកើតនៅក្នុងប្រទេសរបស់យើង ហើយបានទាញទម្លាក់នូវកិត្យានុភាពរបស់ប្រទេសកម្ពុជាផងដែរ»។ នេះជាគូសបញ្ជាក់បន្ថែមថា របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ៕