(ភ្នំពេញ)៖ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ រួមទាំងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ព្រមទាំងលោកមេភូមិភ្នាត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា ចុះមកដល់ផ្ទះរបស់ក្មេងស្រីឈ្មោះ ទិត សុដា អាយុ៣ឆ្នាំ ៨ខែ​ ដែល មានជំងឺទឹកដក់ក្នុងខួរក្បាល និងកាយសម្បទាខុសពីក្មេងដទៃ។

ក្មេងស្រីរូបនេះមានក្បាលធំមានទំងន់រហូតទៅដល់ ៤៥គីឡូក្រាម ហើយកូននេះមានអាការៈប្រកាច់ជាញឹកញាប់ ហើយក្មេងស្រីនេះជាកូនទី៥។

តាមសំដីម្តាយរបស់ក្មេងស្រីនេះ អ្នកស្រី ប៉ុល សារឿន អាយុ៣៥ឆ្នាំ បានឲ្យដឹងថា ខ្លួនមានមុខរបរជាមេផ្ទះ រីឯប្តីឈ្មោះ ចិត្រ ពិសិដ្ឋអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់មានកូនចំនួន៥នាក់ស្នាក់នៅផ្ទះជួលលេខ៨៤ស្ថិតនៅក្នុងក្រុមទី៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា រួមមានសម្ភារប្រើប្រាស់ ផ្ទះបាយមួយចំនួន អង្ករ១បាវ ស្មេី៣០គីឡូ ឃីត មួយកញ្ចប់(មុង ភួយ ក្រម៉ា កន្ទេល សារ៉ុង ខ្នេីយ)​ ត្រីខ១យ៉ួរ មី២កេះ ទឹកសុទ្ធ oral ១កេះ ទឹកក្រូច២កេះ ទឹកត្រី១យួរ ទឹកសុីអីុវ១យួរ និងថវិកាសប្បុរជន ចំនួន៥០មឺុនរៀល ផងដែរ៕