(ភ្នំពេញ)៖ ក្រុមហ៊ុន True Internet Data Center (True IDC) ជាក្រុមហ៊ុនដែលផ្ដល់សេវា Cloud Computing និងសេវា Data Center ដែលឈានមុខគេនៅប្រទេសថៃ ជាមួយនឹង Data Center ជាច្រើនកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ និងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានមានវត្ដមាននៅប្រទេសកម្ពុជាហើយ។

លោក KEL VIN KAI ប្រធានពាណិជ្ជកម្មអន្ដរជាតិ បានថ្លែងក្នុងសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យា Cloud Computing នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះថា True IDC នឹងផ្តល់ជូននូវដំណោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រ និងជំរុញឱ្យមានកំណើនសម្រាប់អាជីវកម្ម របស់អតិថិជននៅក្នុងប្រទេស ហើយ True IDC មានការទទួលស្គាល់ និងការជឿទុកចិត្តពីអតិថិជនរបស់ខ្លួន ចាប់តាំងពីការបង្កើតឡើង ហើយបច្ចុប្បន្ននេះ True IDC បានកំពុងពង្រីកខ្លួននៅទូទាំងតំបន់។

លោកបន្ដថា «នៅថ្ងៃនេះខ្ញុំចង់នឹងបង្ហាញពីភាពចំណេញ នៃការប្រើប្រាស់ជាមួយនឹង Cloud Computing និងសេវា Data Center ព្រោះមានតួនាទី យ៉ាងសំខាន់ពិសេស Cloud Computing គឺសំដៅទៅលើការប្រព័ន្ធ Computer (អាចជាទិន្ន័យ ឬកម្មវិធី) ដែលផ្ទុកជាលក្ខណៈ Online ដោយមិនចាំបាច់ឲ្យយើងផ្ទុកក្នុង Local (ក្នុងក្រុមហ៊ុន) នោះឡើយ ដោយសម្រួលនៅការប្រើប្រាស់ យ៉ាងល្អបំផុត ចំណែក Data Center គឺជាកន្លែង (ទីតាំង) សម្រាប់ផ្ទុកទិន្ន័យ ឬអាចជាអគារ ផ្ទះ បន្ទប់ធំៗ ដែលមាន Server ច្រើនចងជាបណ្តុំចូលគ្នា»

លោកបន្ដទៀតថា សេវាកម្ម Data Center និង Cloud Computing ជាប្រព័ន្ធសុវត្ថិភាព និងដំណើរការអនុវត្តតាមស្តង់ដាគុណភាពខ្ពស់បំផុត រួមជាមួយនឹងវិញ្ញាបនប័ត្រស្ដង់ដារ ISO ចំនួន៥ មានដូចជា ISO/IEC 2000-1, ISO/IEC 27001, ISO/IEC 22301, ISO/IEC 50001 និង CSA STAR របស់យើងដែលទទួលស្គាល់ជាអន្តរជាតិ អាចបង្កើនទំនុកចិត្តមួយកម្រិតថែមទៀត ហើយបំពេញទៅតាមតម្រូវការរបស់អតិថិជន។

លោកបន្ថែមទៀតថា ជាងនេះទៅទៀត នៅថ្ងៃនេះ ក្រុមហ៊ុន True Internet Data Center នឹងចែករំលែកបទពិសោធន៍ ក៏ដូចជាធ្វើបទបង្ហាញទូទៅទាក់ទងនឹងសេវា Cloud Computing ជូនដល់បណ្ដាអ្នកគ្រប់គ្រងព័តមានវិទ្យា មកពីតាមបណ្ដាក្រុមហ៊ុនផ្សេងៗផងដែរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀត ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៏ប្រទេស។

គួរបញ្ជាក់ថា ក្រុមហ៊ុន True Internet Data Center បានបង្កើតឡើងនៅឆ្នាំ ២០០៣ ហើយជាក្រុមហ៊ុនដែលផ្ដល់សេវា Cloud Computing និងសេវា Data Center ដែលឈានមុខគេនៅប្រទេសថៃ ជាមួយនឹង Data Center ជាច្រើនកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ និងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕