(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យក្រសួងបរិស្ថាន ពិនិត្យមើលព្រៃឈើ តាមតំបន់មួយចំនួនទៀត ក្នុងប្រទេសកម្ពុជា ដើម្បីដាក់ជាតំបន់ព្រៃការពាររបស់រដ្ឋ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម នៅសាលចតុមុខ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេចបានលើកឡើងថា «យើងនឹងបន្តមើលថែមទៀត មិនមែនដាក់តែ១៨កន្លែងទេ ត្រូវបន្តមើលទៀត កន្លែងណាដែលគួរដាក់ យកមកខ្ញុំស៊ីញ៉េ ព្រោះអត់មានត្រូវការ​កាប់ឯណា​ទៀតទេ ព្រោះកាប់វាច្រើនពេកណាស់ទៅហើយ»

សម្តេចបានស្តីបន្ទោស ទៅនឹងរាជការដែលដឹកនាំដោយរដ្ឋាភិបាលចម្រុះ កាលពីអំឡុងជាងទស្សវត្ស ១៩៩០ ដែលបានដាក់បញ្ចូលតំបន់ព្រៃជាច្រើនជាដីសម្បទានសេដ្ឋកិច្ច ហើយថានាពេល​កន្លងមកនោះ សម្តេចបានដកហូតមួយចំនួនហើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ លោក សាយ សំអាល់ ឲ្យបន្តការងារនេះជាមួយប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ ជាមួយគ្នានេះ សម្តេចក៏បានស្នើឲ្យ​ខាងវៀតណាមជួយទប់ស្កាត់ការនាំចេញឈើផងដែរ ពេលជួបរដ្ឋមន្រ្តីនគរបាល វៀតណាមព្រឹកមិញ។ សម្តេចក៏គ្រោងនិយាយអំពីការនាំឈើ ជាមួយមេដឹកនាំវៀតណាម នៅក្នុងកិច្ចប្រជុំនៅ​ប្រទេសរុស្ស៊ី​សប្តាហ៍ក្រោយផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយដាក់ព្រៃចំនួន១៨កន្លែង ជាតំបន់ការពារធម្មជាតិ ក្រោមការគ្រប់​គ្រង​របស់ខ្លួន។ តំបន់ការពារធម្មជាត១៨នេះ មានផ្ទៃដីសរុបចំនួន ២៦៧៤៥០៣ហិកតា ក្នុងនោះមានតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែង ដែលត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឲ្យក្រសួងបរិស្ថាន ធ្វើការគ្រប់គ្រង និងអភិរក្ស។

សេចក្តីប្រកាសបញ្ជាក់ថា ក្រសួងបរិស្ថានមានតំបន់ការពារធម្មជាតិស្រាប់តាំងពីឆ្នាំ១៩៩៣ មកចំ នួន២៣ ដែលមានផ្ទៃដីចំនួន ៣,២លានហិកតា៕