(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃម្សិលមិញថា សម្តេចតេជោមិនជឿជាដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ដ៏ស្មោកគ្រោករបស់ CNRP និងបានប្រកាសទាមទារឲ្យថ្កោលទោសជាដាច់ខាត ចំពោះទង្វើដ៏គឃ្លើនរបស់សកម្មជនមួយរូប ឈ្មោះ Brady N Young នៅសហរដ្ឋអាមេរិក ដែលចេញវិដេអូចោទថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុសរបស់សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំមិនជឿលើសេចក្តីថ្លែងការណ៍នេះទេ ព្រោះក្នុងសេចក្តីថ្លែងការណ៍មិនបានប្រើពាក្យថ្កោលទោសចំពោះជនទាំងឡាយណាដែលធ្វើការប្រមាថលើរូបខ្ញុំ ភរិយានិងកូននោះឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា «ពួកវាជាក្រុមតែមួយ បានជាមិនហ៊ានថ្កោលទោស, ដូចនេះចាំបាច់ត្រូវការ ជួសជុលលុបលាងនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតនេះ។ ពួកគេត្រូវត្រៀមសងនូវតម្លៃមួយដ៏ខ្ពស់ណាមួយ ប្រសិនរឿងបែបនេះនៅបន្ត»

ការប្រតិកម្មខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្តេចតេជោ ហ៊ុន សែន​ នោះទេ​។

គណបក្សសង្រ្គោះជាតិបានបញ្ជាក់ នៅក្នុងចេញសេចក្តីថ្លែងការណ៍នៅល្ងាចនេះថា «គណបក្សសង្រ្គោះជាតិ សូមបដិសេធចំពោះការ ចោទប្រកាន់ណាមួយ មកលើគណបក្សសង្រ្គោះជាតិដែលថា ជាអ្នកប្រឌិតព័ត៌មានថា កូនប្រុសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម»។

បើទោះបីជាគណបក្សសង្គ្រោះជាតិ បដិសេធយ៉ាងដូច្នេះក្តី ប៉ុន្តែកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦កន្លងទៅ សកម្មជនដ៏ល្បីមួយរូបរបស់ CNRP នៅសហរដ្ឋអាមេរិក Brady N Young បានសរសេរយ៉ាងច្បាស់នៅលើ Facebook យ៉ាងដូច្នេះថា «តើបងប្អូនចង់ឲ្យមានការពិនិត្យឈាម រវាងឪពុកកូន ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដែរឬទេ? បើចង់ឲ្យមាន DNA Test សូមជួយ Like n share my clip»។

ក្រៅពីការសរសេរខាងលើនេះ សកម្មជនរបស់ CNRP រូបនេះ បានអត្ថាធិប្បាយជាច្រើនទៀតនៅក្នុងវិដេអូ ដែលមានរយៈពេលជិត៣នាទី ពាក់ព័ន្ធនឹងការពិនិត្យ DNA រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត៕