(ភ្នំពេញ)៖ មេដឹកនាំសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា ហៅកាត់ CWEF បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះថៅកែរោងចក្រចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មសំរោងធំ ផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានគំរាមបាញ់សម្លាប់ និងបញ្ជាឱ្យក្រុមសន្តិសុខប្រើអំពើហិង្សាទាត់ធាក់ និងរុញច្រានមកលើថ្នាក់ដឹកនាំ សហជីព៤រូបជាស្ត្រីទន់ខ្សោយថែមទៀត។

លោក ស្រៀង ណារិទ្ធ ប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានឱ្យដឹងនា រសៀលថ្ងៃទី១២ ខែសភានេះថា លោកថៅកែរោងចក្រ «ណាហ្កាភីសខបភើរេសិន» និងថៅកែរោងចក្រ «ស្កាយឡាញអាភើរៀល» ដែលមានទីតាំងក្នុងសួនស្សាហកម្មសំរោងធំ បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ៤រូប និងគំរាមបាញ់សម្លាប់និងបញ្ជាឱ្យក្រុមសន្តិសុខ ប្រើអំពើហិង្សាទាត់ធាក់ និងរុញច្រានមកលើថ្នាក់ដឹកនាំសហជីព៤រូបជាស្ត្រី ទន់ខ្សោយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៤និង៤៥នាទីរសៀលនៅក្នុងក្រុមហ៊ុន។

លោក ស្រៀង ណារិទ្ធ បន្តទៀតថា ទង្វើខាងលើនេះគឺជាសកម្មភាពរំលោភទៅលើច្បាប់ នៃព្រះណាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរ និងការបំបិទសិទ្ធិសេរីភាព ការរើសអើងសហជីព និងការគំរាមកំហែងកម្មករដទៃទៀតមិនឱ្យចូលរួមក្នុងសកម្មភាពសហជីព។

លោក ស្រៀង ណារិទ្ធ បានស្នើដល់ថៅកែរោងចក្រទាំង២ទទួលយកថ្នាក់ដឹកនាំ សហជីពទាំង៤រូប ចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌ ហើយលោកសូមអំពាវនាវ ដល់អង្គការក្រោរដ្ឋាភិបាលជាតិ-អន្តរជាតិ សហភាព សហព័ន្ធសហជីពទាំងអសមេត្តាជួយធ្វើអន្តរាគមន៍ និងចូលរួមថ្កោលទោសនូវទង្វើលោកថៅកែរោងចក្រទាំង២ និងសូមស្នើដល់លោករដ្ឋមន្ត្រីក្រសួងការងារ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការជាបន្ទាន់លើលោកថៅកែរោងចក្រទាំងពីរ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រៀង ណារិទ្ធ បានធ្វើលិខិត២ច្បាប់ ជូនលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកប្រធានអង្គការILO/BFCប្រចាំកម្ពជា មេត្តាជួយធ្វើអន្តរាគមន៍ផងដែរ។ ជុំវិញការចោទប្រកាន់របស់លោក ស្រៀង ណារិទ្ធ ចំពោះលោកថៅកែរោងចក្រទាំង២ខាងលើ Fresh News មិនអាចសុំការបំភ្លឺពីលោកថៅកែបានឡើយនាល្ងាចថ្ងៃដដែលនេះដោយសារតែគ្មានលេខទូរស័ព្ទ៕