(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារថ្លែងអំណរគុណដល់លោក កឹម សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធចារ្យ ហ៊ុន ណេង បងប្រុសរបស់សម្តេច ដែលបានទទួលមរណភាព។

តាមរយៈសារឆ្លើយតបទៅកាន់ លោក កឹម សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ តាងនាមឱ្យក្រុមគ្រួសារទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាររំលែកទុក្ខ ដែលឯកឧត្តម និងលោកជំទាវផ្ញើមកខ្ញុំ និងក្រុមគ្រួសារក្នុងឱកាសនៃការបាត់បង់ដ៍ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ។ សូមឯកឧត្តមនិងលោកជំទាវ ទទួលនៅការស្រឡាញ់រាប់អានពីខ្ញុំនិងក្រុមគ្រួសារ»។

សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន។

ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ លោក ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕