(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សូមអំពាវនាវសាជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំង៧ ឱ្យទៅបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ក្រុមគ្រួសារ និងដោយឥតគិតថ្លៃ។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារេត ក៏សូមអំពាវនាវឱ្យទៅធ្វើនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ឬអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ក្នុងសាកសួរព័ត៌មាន និងបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ការអំពាវនាវរបស់អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ ក្រោយមានការណែនាំ និងយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការឲ្យកម្លាំងការិយាល័យគ្រប់គ្រង ការស្នាក់នៅ សហការជាមួយកម្លាំងជំនាញផ្នែកអត្តសញ្ញាណម្ម-ប៉ុស្តិ៍-ខណ្ឌ និងមន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ភូមិ ធ្វើឯកសារទាំងនេះជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានលើកឡើងថា កាលពីថ្ងៃទី០៧ ខែមីនា កន្លងមកក្រុមការងារជុំនាញពាក់ព័ន្ធទាំងអស់ បានសហការចុះជុំរុញធ្វើផ្ដល់ដោយផ្ទាល់ទាំងសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅទូទាំងសង្កាត់ទាំង៧ និងបន្តចុះជុំរុញរហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែបើការវាយតម្លៃរបស់ក្រុមការងាររកឃើញថា ប្រជាពេលរដ្ឋ ដែលពុំទាន់បានធ្វើនៅឡើយ មានចំនួនច្រើនដែរ នោះក្រុមការងារនឹងបន្តរៀបចំចុះធ្វើជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន តាមទីតាំងនានា តាមបុរី និងតាមវត្តអារាមជាដើម។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌ ក៏សូមក្រើនរំលឹក ដល់ប្រជាពលរដ្ឋ រស់នៅម្តុំភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ពិសេស ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Les Sor ដែលបានផ្ញើសារចូលផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមមេត្តាយកឯកសារពាក់ព័ន្ធ ហើយអញ្ជើញមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ក្នុងការពិនិត្យ និងបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅ (ក២) ជូនដោយពុំមានគិតថ្លៃសេវានោះទេ ពោលគឺរាល់ការស្នើរសុំធ្វើទាំងសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពុំមានគិតថ្លៃសេវានោះឡើយ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ផងដែរថា សមត្ថកិច្ច មិនអាចធ្វើផ្តល់ជូនបានទេ ចំពោះជនអន្តោប្រវេសន៍ទាំងសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ម្យ៉ាងវិញទៀត លោកអធិការ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន ដោយការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពុំទាន់តាមតម្រូវការចាំបាច់ជាក់ស្តែងផ្សេងៗ ដោយសារកត្តាមូលហេតុសំខាន់ៗមួយចំនួន៕