(កំពង់ធំ)៖ លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង និងជាប្រធានកិត្តិយសសមាគមឣតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង និងសហការី ព្រមទាំងគណៈសង្ឃស្រុកស្ទោង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខឣតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

នាឱកាសនោះលោក សាយ គឹមឡម បានលើកឡើងថា ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក និងសមាគមឣតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ដែលមានការយកចិត្តទុកដាក់ដល់សុខទុក្ខ ក៏ដូចជាការតបស្នងដល់បងប្អូនឣតីតយុទ្ធជនដែលបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យនៅគង្សវង្សស្ថិតស្ថេរ ជាពិសេសដើម្បីរក្សាបាននូវសុខសន្តិភាពបរិបូណ៌ ជូនជាតិមាតុភូមិកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកក៏បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់សូមថែរក្សាសុខភាព និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នាៗ ហើយចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ មួយវិញទៀតត្រូវខិតខំដាំបន្លែចិញ្ចឹមសត្វនៅលើដីដែលសម្ដេចបានផ្ដល់ជូនដើម្បីបង្កើនជាភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ បងប្អូនឣតីតយុទ្ធជនទាំង២១រូប បានថ្លែងឣំណរគុណជាឣនេកដល់លោក សាយ គឹមឡម ឣភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍ឣតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ដែលបានដឹកនាំសហការី ព្រមទាំងគណសង្ឃស្រុកស្ទោង ដែលបានមកសួរសុខទុក្ខពួកគាត់នៅពេលនេះ។

គួរបញ្ជាក់ដែរថា បងប្អូនឣតីតយុទ្ធជនទាំង២១រូប គឺម្នាក់ៗទទួលបាន៖ ឣង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ សាប៊ូម្សៅ១កញ្ចប់ សាប៊ូប្រូធីក១ដុំ ថ្នាំដុសធ្មេញ និងច្រាស ១ឈុត ព្រមទាំងថវិកាមួយចំនួន៕