(កំពង់ស្ពឺ)៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់បន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្ត អាងស្តុកទឹកមួយចំនួនត្រូវបានបើកទ្វារទឹក នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្ការការបាក់ទំនប់ជាយថាហេតុ ខណៈទំនប់ទឹកមួយចំនួនស្ថិតក្នុងកម្រិតប្រកាសអាសន្នផងដែរ។

លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថា មានទ្វារទឹកជាច្រើនក្នុងខេត្តនេះត្រូវបានបើក ក្នុងនោះផ្នែកខាងជើងស្ទឹងក្រាំងពន្លៃក្នុងខេត្តកំពង់ស្ពឺ មានទ្វារទឹកចំនួន៥ ត្រូវបានបើក និងអន្លង់ជ្រៃចំនួន៥ទ្វារ (ខេត្តកំពង់ឆ្នាំងបើក៣ទ្វារ ខេត្តកំពង់ស្ពឺ បើក២ទ្វារ)។ ចំពោះនៅផ្នែកកណ្តាលចំណុចទំនប់ចាន់ថ្នាល នៃឃុំក្រាំងចេក ស្រុកឧដុង្គ មានភ្លៀងធ្លាក់ខ្លាំងក៏បង្ខំចិត្តបើកទ្វារទឹកចំនួន៥ផងដែរ។

ដោយឡែកស្ថានភាពនៃស្ទឹងព្រែកត្នោត ដោយភ្លៀងនៅផ្នែកខាងលើបានធ្លាក់បន្តបន្ទាប់ ក៏បង្កជាទឹកជំនន់ក្នុងស្ទឹងនេះឡើងខ្លាំងផងដែរ ដែលបង្ខំឱ្យជំនាញសម្រេចបើកទ្វារទឹកមួយកន្លែងដែលមានកម្ពស់ ០,៥ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកបានបន្ថែមថា ស្របពេលដែលទ្វារជាច្រើនត្រូវបានបើកនោះ វារីអគ្គិសនីខ្នាតតូចចំនួន៤ ក៏ត្រូវបើកទ្វារផងដែរ ខណៈអាងទឹកម៉ៃសាមឿន បានបង្ហើបដើម្បីបញ្ជៀសគ្រោះមហន្តរាយលិចលង់ និងបាក់ទំនប់ជាយថាហេតុ។ ម្យ៉ាងវិញទៀតនៅផ្នែកខាងត្បូង នៃខេត្តសម្រាប់ស្រុកគងពិសី និងស្រុកបសេដ្ឋ ទ្វារទឹកមួយចំនួនក៏ត្រូវបើកទ្វារ ខណៈទ្វារទឹកអូតូម៉ាទិកចំនួន២ បានលោត ហើយមន្ត្រីជំនាញក៏កំពុង ធ្វើការងារលើករណីនេះ។

ជុំវិញបញ្ហានេះ លោក ញ៉ាញ់ ជាបហ៊ង ក៏បានបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងនេះនៅមិនទាន់បង្កជាហានិភ័យធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តនេះនៅឡើយទេ។ ម្យ៉ាងទៀតពលរដ្ឋក្នុងខេត្តនេះហាក់មានភាពសាំ ទៅនឹងគ្រោះធម្មជាតិនេះទៅហើយ។ ទោះជាយ៉ាងណាមន្ទីរជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈទុកជាមុន ដើម្បីសុខសុវត្ថិភាពក្រុមគ្រួសារពីគ្រោះទឹកជំនន់៕