(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោកស្រី ខេង សំវ៉ាដា ប្រធានកិត្តិយសនៃសមាគមនារីអាស៊ានកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបន្ទប់ «ផ្ទះបាយអង្គរ» នៅអគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស។

កម្មវិធីនេះរៀបចំឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភរិយាឯកអគ្គរដ្ឋ/រាជទូតនៃបណ្តាប្រទេសអាស៊ាន និងភរិយាឯកអគ្គរដ្ឋ/រាជទូតនៃប្រទេសដៃគូអាស៊ាន ដែលជាសមាជិកានៃសមាគមនារីអាស៊ាន។

តាមរយៈ Facebook ផ្លូវការ ប្រមុខការទូតកម្ពុជា បានថ្លែងថា «នេះគឺជាថ្ងៃវិសេសវិសាល និងជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ មិនមែនសម្រាប់តែវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ចក្ខុវិស័យ និងគោលដៅចំបងជារួមក្នុងវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

លោកបន្តថា នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។ «ផ្ទះបាយអង្គរ» ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវការងារដ៏សំខាន់មួយនេះ។ យើងទន្ទឹងរង់ចាំបង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសរបស់យើង ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា»។ លោក ប្រាក់ សុខុន បញ្ជាក់បន្ថែម៕