(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនទាន់បញ្ចប់ទេ ហើយសម្តេចថ្លែងទៀតថា កម្ពុជាទើបយកឈ្នះលើសមរភូមិកូវីដ១៩ ពោលគឺមិនទាន់ឈ្នះលើសង្គ្រាមកូវីដ១៩ នៅឡើយដែរ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យើងទើបតែយកឈ្នះសមរភូមិទេ មិនទាន់ឈ្នះសង្គ្រាមទេ។ កូវីដ១៩ មិនទាន់ចប់ទេ ពិតមែនតែមានការធូរស្រាលខ្លាំង ដោយគ្មានមនុស្សស្លាប់ ឆ្លងក៏មានកម្រិតតិចតួច ក្រោម១០នាក់ មានថ្ងៃខ្លះ ១ករណី ២ករណី ៣ករណី»

សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយថា មានសិស្សនិទ្ទេស A ចំនួនពីរនាក់ និងអាណាព្យាបាលម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលធ្វើតេស្តរហ័សមុនចូលរួមកម្មវិធីសម្តេច។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន ៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨នាក់ និងគ្មានអ្នកស្លាប់ទេ។

ការយកឈ្នះលើសមរភូមិកូវីដ១៩ ដោយសារកម្ពុជាបានរៀបចំផែនការច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសបង្កើតយុទ្ធនាការ ធ្វើការស្រោចវ៉ាក់សាំងទូទាំងប្រទេសតែម្តង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា គិតរហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង ៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង ៥៣លានដូស ហើយជាង ២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង ៨លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋ៕