(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឪពុកម្តាយគ្រប់រូប កុំប្រៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃ ឬសរសើរកូនអ្នកដទៃ ហើយបន្ទោសបង្អាប់កូនខ្លួនឯង រឿងរៀនសូត្រ។

ការស្នើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃឲ្យសោះ។ នេះជាការវាយប្រហារធ្ងន់ណាស់ ទៅលើចិត្តរបស់កូន។ បទពិសោធន៍ខ្ញុំ នៅក្នុងការគ្រប់គ្រងកូន បណ្តុះបណ្តាលកូន ចាត់ទុកថា ខ្ញុំទទួលបានជោគជ័យហើយ តែខ្ញុំនៅមានកាតព្វកិច្ច រួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្តុះបណ្តាលចៅរបស់ខ្ញុំ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ត្រូវលើកទឹកចិត្តកូន ជាជាងការបន្ទោសបង្អាប់ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កូន។ សូម្បីតែនៅក្នុងគ្រួសារតែមួយ ក៏សម្តេចមិនឲ្យសរសើរកូនណាមួយ ហើយបង្អាប់កូនណាមួយដែរ។

សម្តេចតេជោ បានបន្ថែមថា កូនរៀនពូកែ ឬមិនពូកែ មិនអាស្រ័យលើរបបអាហារទេ តែវាអាស្រ័យលើការអប់រំ និងថែទាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច មិនសម្បូរអាហារហូបចុកពេលចាប់កំណើតទេ តែតាមរយៈការអប់រំ និងថែទាំល្អ ធ្វើឲ្យភាពវៃឆ្លាតមិនចាញ់កូនៗកើតនៅភ្នំពេញ ដែលសម្បូរការហូបចុកនោះឡើយស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយុវជនដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀនផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ទាំង១,៧៥៣នាក់ រួមមាន៖ iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង), សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ ហៅក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងថវិកា ២លានរៀល។

សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានដឹកនាំសិស្សចូលរួមកម្មវិធី ៤២១នាក់ ក្នុង១នាក់ ទទួលបានប្រាក់ស្លឹងមួយ សៀវភៅអប់រំពីរក្បាល និងថវិកា ១លានរៀល។ សម្តេចក៏បានឧបត្ថម្ភសាលា ៤២១ ដែលមានសិស្សជាប់និទ្ទេស A ចំនួន ៣លានរៀលផងដែរ៕