(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា គិតរហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង៧៣លានដូស ដោយរួមទាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ ដែលបានទទួលជាង៥៣លានដូស ហើយជាង២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង៨លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ម៉ម ប៊ុន ហេង ធ្វើឡើងក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន ២លានដូស ជាជំនួយលើកទីពីរ របស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ជូនរាជរដ្ឋាភិបាលកម្ពុជា។ ពិធីទទួលនេះធ្វើឡើងនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមផងដែរ ពីលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា, លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា នេះជាលើកទី២ ហើយដែលសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ផ្តល់ជំនួយវ៉ាក់សាំងកូវីដ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលជំនួយលើកទី១ គឺប្រភេទ Johnson&Johnson ចំនួន ១លានដូស។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹងទទួលបានវ៉ាក់សាំងចំនួន២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល៧លានដូស) ប្រភេទ Pfizer ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ ហើយនឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់។ មជ្ឈមណ្ឌលកូវ៉ាក់ ដែលជាយន្តការសកល ដឹកនាំដោយអង្គការ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ (UNICEF) បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីដំបូង ក្នុងការជំរុញឱ្យកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងកូវីដ-១៩។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តាមអភិក្រមផ្ការីក ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តផែនការជាតិ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គោលការណ៍ណែនាំប្រតិបត្តិ សម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ និងពិធីសារ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងផែនការយុទ្ធសាស្ត្រ ស្តីពីយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានបង្កើតនូវភាពសុំាសហគមន៍ អាចឱ្យកម្ពុជាបើកឡើងវិញសេដ្ឋកិច្ច-សង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសម្រេចបាន ៩៣.៣៨% ធៀបនឹងប្រជាជនសរុប១៦លាននាក់។ លើសពីនេះទៀត ដោយការគិតគូពីសុខភាពរបស់ចៅៗ នៅទូទាំងប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ចៅៗ មានអាយុចាប់ពី៣ឆ្នាំ ឡើង។ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ សូមបងប្អូនប្រជា
ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្តីអំពីវិធីការពារខ្លួនគឺ «៣ការពារ និង៣កុំ»

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោករដ្ឋមន្ត្រីសុខាភិបាល សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) អង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ (UNICEF) និងអង្គការ GaviCEPI និងដៃគូផ្សេងៗទៀត ដែលសហការសម្របសម្រួលទាំងបច្ចេកទេស និងថវិកា ជំរុញឱ្យកម្ពុជាបានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា៕