(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី នឹងធ្វើការបែងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងតំបន់វិនិឆ្ឆ័យ ភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីនេះ ក៏បានបញ្ជាក់ផងដែរថា ចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឫប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅផងដែរ។

ស្ថិតក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឈានដល់ការបែងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ហើយនឹងមោឃភាពចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឫប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ សម្រាប់ម្ចាស់ក្បាលដី ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនិតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនិតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

សេចក្ដីដូចបានជម្រាបជូនខាងលើនេះដែរ សូមម្ចាស់ក្បាលដីស្ថិតក្នុងទីតាំង ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះ មកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី នៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។ ម្យាងទៀត ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឫដាក់ធានាពាក់ព័ន្ធនិងក្បាលដីក្នុងតំបន់វិនិឆ្ឆ័យខាងលើ សូមមេត្តាយកប័ណ្ណទាំងនោះ មកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់លោកអ្នក៕