(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឱ្យដឹងថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

អាទិភាពបន្ទាន់ទាំង៣នោះរួមមាន៖ ១៖ ការបញ្ឈប់អំពើហិង្សា, ២៖ ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង ៣៖ ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិដែលកំពុងមាននាពេលបច្ចុប្បន្ន និងបានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទំាងអស់ និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨កន្លែងនៅមីយ៉ាន់ម៉ា។

«ឯកឧត្តម មីន អោងឡាំង បានសន្យាផ្តល់នូវការសម្របសម្រួលជូនដល់ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ស្របពេលនឹងការស្វាគមន៍ចំពោះសុច្ឆន្ទៈដែលបានបង្ហាញដោយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជៀសឱ្យបាននូវការប្រើកម្លាំងជ្រុលហួសហេតុ នៅក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងសង្គម។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ចំពោះការសម្របសម្រួលទស្សនកិច្ចលើកទី១ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាននៅមីយ៉ាន់ម៉ា កាលថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ផងដែរ៕