(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

សំណើនេះបានធ្វើឡើង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានឱ្យដឹងដូច្នេះថា៖ «សមេ្តចតេជោក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាបន្នផងដែរ»

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួនពីរ ក៏ដូចជាតំបន់ និងរដ្ឋចំនួនប្រាំដទៃទៀត ដែលត្រូវបានកំណត់ថាជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្រាប់យុទ្ធនាការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងនៅក្នុងតំបន់សាកល្បង ដែលអាចនឹងពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងៗទៀតនាពេលអនាគត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ថា ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយ
មនុស្សធម៌ នឹងដឹកនាំគណៈប្រតិភូមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ៕