(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤-១០ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៤ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕