(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង មេដឹកនាំរបបយោធាភូមា បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលឱ្យមានជំនួបរវាង ប្រេសិតពិសេសប្រធានអាស៊ាន ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី ផងដែរ ខណៈដែលប្រេសិតពិសេសប្រធានអាស៊ាន គ្រោងនឹងបំពេញទស្សនកិច្ចជាលើកទី២ នៅចុងខែនេះ។

ការអះអាងរបស់ មេដឹកនាំយោធាភូមា បានធ្វើឡើងបន្ទាប់ពីមានសំណើពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងអន្តរជាតិអំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មីន អោងឡាំង បានបញ្ជាក់ដូច្នេះថា នៅក្នុងជំនួបនោះ សម្តេចក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើងនៅចុងខែឧសភានេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិតពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

«ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ។ ជាចុងបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជួយឱ្យមីយ៉ាន់ម៉ា អាចវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងសាមគ្គីភាព និងមជ្ឈភាពនៃអាស៊ាន-១០»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន បានធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយទស្សនកិច្ចនេះ បានផ្តោតជាសំខាន់ទៅលើអាទិភាពបន្ទាន់ចំនួន៣ រួមមាន ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាងជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសម្តេតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចបើកផ្លូវ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកដំបូង កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២៕