(ពោធិ៍សាត់)៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះព្យាបាលប្រជាពលរដ្ឋ២៤០៣ករណី-នាក់ នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

សកម្មភាពនេះក៏មានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ យុវជន ស.ស.យ.ក. និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកក្រគរ នេះជាលើកទី៤ហើយដែលសមាគម TYDA បានចុះមកព្យាបាលសង្គ្រោះជីវិតប្រជាពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា បើគ្មានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ប្រជាជនកម្ពុជាពិតជាមានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្នមានសភាពធូរស្រាលជាងប្រទេសដទៃទៀត។

លោកស្រី ពេជ ចន្ទមុន្នី បានសំណូមពរឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៤០៣រណី និងមានករណីធ្ងន់ធ្ងរចំនួន៥៥ករណី ក្នុងនោះ១២ករណី ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕