(បាត់ដំបង)៖ លោក កែវ រ៉េមី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងថា ជ័យជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខ គឺនៅត្រង់សមាជិកបក្សប្រជាជនត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដូចជាការខិតខំធ្វើអំពើល្អជាដើម។

ការណែនាំបន្ថែមបែបនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិក-សមាជិកា និងប្រធានក្រុមបក្សរបស់គណបក្សប្រជាជនកម្ពុជានៅឃុំរកាចំនួន៣៥០នាក់ និងឃុំកំពង់ព្រៀងចំនួន៤០០នាក់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

លោក កែវ រ៉េមី បានជម្រាបជូនពីគោលជំហររបស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សានូវសន្តិភាព និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាមូលដ្ឋានឃុំ-សង្កាត់នៅទូទាំងប្រទេស សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនេះ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាបក្សសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាមានឱកាសបន្តបម្រើប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបន្តដឹកនាំ និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមពីលើនេះ លោកបានជំរុញឱ្យសមាជិក-សមាជិកាបក្សទាំងអស់រួមទាំងថ្នាក់ដឹកនាំឃុំ មេភូមិទាំងអស់ត្រូវរួមសាមគ្គីគ្នា និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការទាញយកទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋ និងពង្រីកបន្ថែមសំឡើងងគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឈានឆ្ពោះទៅដណ្ដើមឈ្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។

លោកបានសង្កត់ធ្ងន់បន្ថែមដល់ថ្នាក់ដឹកនាំឃុំត្រូវបន្តធ្វើអំពើល្អ និងចេះស្រឡាញ់យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ដោយមិនរើសអើង ការផ្តល់សេវាសាធារណៈរហ័ស និងប្រសិទ្ធភាពខ្ពស់ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញបាននូវទឹកចិត្តក្ដីស្រឡាញ់ពីប្រជាជននៅក្នុងមូលដ្ឋាន។

ក្នុងអង្គពិធីនេះ ក្រុមការងារចុះមូលដ្ឋានឃុំទាំងពីរបានរៀបចំទទួលអ្នកចូលរួមចំនួន៣៥០នាក់នៅឃុំរកា និង៤០០នាក់នៅឃុំកំពង់ព្រៀង ដោយមានផ្តល់ជូននូវអាហារសម្រន់ ទឹកបរិសុទ្ធ និងថវិកាផងាដែរ៕