(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១វខែឧសភា ឆ្នាំ២០២២នេះ បានសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។

ពិធីនេះក៏មានការចូលរួមពីលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក អ៊ុក គឹមសាន្ត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។

លោក មាស សុភា ក៏បានថ្លែងនូវការអបអរសារទរចំពោះការចូលកាន់តំណែងថ្មីរបស់លោក អ៊ុក គឹមសាន្ត ដែលត្រូវបានជ្រើសតាំង តែងតាំង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។ លោកថា នេះជាផ្នែកមួយពង្រឹងប្រសិទ្ធភាពរបស់គណបក្ស ធ្វើឱ្យយុវជនរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហាររមានភាពរឹងមាំ។

លោក មាស សុភា បានថ្លែងទៀតថា យុវជនរបស់គណបក្សគឺជាអង្គការចាត់តាំងមួយរបស់គណបក្ស ដែលជាសេនាធិការសម្រាប់គណបក្ស ជាអ្នកបញ្ជ្រាបគោលនយោបាយគណបក្ស ធ្វើការងារទៅតាមគោលនយោបាយរបស់គណបក្ស។

លោកក៏បានថ្លែងនូវការកោតសរសើរដល់យុវជនគណបក្សខេត្តព្រះវិហារ ដែលបានចូលរួមចំណែកក្នុងសកម្មភាពការងារផ្សេងៗទទួលបានជោគជ័យ រួមមាន៖

* ការពង្រឹងឡើងវិញអង្គការចាត់តាំងរបស់ការងារយុវជនគណបក្ស ដោយបានរៀបខំឡើងវិញតាំងពីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ភូមិ។

* ការគ្រប់គ្រងសមាជិកយុវជនគណបក្សបានល្អ។

* ការពង្រឹងរបៀបរបធ្វើការបានល្អ។

* ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់យុវជន។

* ការរៀបចំខិតបណ្ណសម្រាប់ឃុំ-សង្កាត់ ប្រចាំឆ្នាំ២០២២។

* បានចូលរួមសកម្មភាពក្នុងសង្គម និងការងារមនុស្សធម៌។

* រៀបចំកម្មវិធីដើម្បីពិនិត្យព្យាបាល និងថែទាំជំងឺមនុស្សចាស់។

* យុវជនបានចូលរួមនៅក្នុងការចុះបញ្ជីរបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋ។

លោក មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសុខសន្តិភាព ដែលដណ្តើមបានដោយលំបាករយៈពេលកន្លងមកនេះ ត្រូវប្រឆាំងចំពោះអ្នកណាដែលបំផ្លាញសន្តិភាព ជាពិសេសចលនាបដិវត្តពណ៌ដែលគេធ្វើកន្លងមកមិនទទួលបានជោគជ័យ បន្តគាំទ្រនិងអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ជាបន្តទៀត បន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែសនោះទេ ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានបន្ធូបន្ថយ ពិសេសការអនុវត្តវិធានការ៣កុំនិង៣ការពារ៕