(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញអំពីផលទ្ធផលនៃការអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

លោកស្រីបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន៩៧,៤០៤នាក់ ស្រី៤៦,២៩១នាក់ ស្មើនឹង១០៦.០៨% ធៀបនឹងផែនការគោលដៅ។

លោកស្រីអភិបាលខេត្តកោះកុងបានបន្តថា កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន១៥,៩៦៨នាក់ ស្រី៧,៧១៧នាក់ ស្មើនឹង៩៨.៤២% ធៀបនឹងផែនការគោលដៅ។

ចំណែកកុមារអាយុ៦ឆ្នាំទៅ១២ឆ្នាំបានចាក់វ៉ាក់សាំងចំនួន១៧,១៧២នាក់ ស្រីចំនួន៨,៣៩២នាក់ ស្មើនឹង១១០.៤០% ធៀបនឹងផែនការគោលដៅ និងកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន៦,១៤០នាក់ ស្រី២,៧៨៩នាក់។

រីឯមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន៧៧,៧៥៤នាក់ ស្រី៣៦,៨១២នាក់ និងដូសទី៤ ចំនួន៦,៧៦២នាក់ ស្រី២,៣៤០នាក់។

គួរជម្រាបថា ការបញ្ជាក់ពីលទ្ធផលនៃការចាក់វ៉ាក់សាំងខាងលើនេះ ត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកម្មករ-កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិកនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថងអភិបាលខេត្ត ក៏បានអានខ្លឹមសារអបអរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់មកបានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាបផងដែរថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពប្រជាពលរដ្ឋបានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា។

លោកស្រីអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មរិនីទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខសុវត្តិភាពឲ្យបានល្អ និងជាប្រចាំ ដើម្បីការពារឲ្យបាននៅរាលការឆ្លងជំងឺគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពខ្ពស់៕