(កំពង់ធំ)៖ លោក នង វាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងឡាយនៃស្រុកសណ្ដាន់ ដើម្បីដាក់ផែនការត្រៀមខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ខាងមុខ។

កិច្ចប្រជុំខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក លោក នង វាសនា ក៏បានណែនាំបន្ថែមឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងឡាយ ត្រូវរួមគ្នាជំរុញដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាត្រូវត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនាពេលខាងមុខទៀត។

លោកថា «ប្រសិនបើមិនទាន់មានឯកសារគ្រប់គ្រាន់ ក្នុងករណីបាត់ ឬខុសឈ្មោះ ត្រូវស្នើសុំការធ្វើប័ណ្ណ ឯ.អ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតទាំងអស់គ្នា»

លោកក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវត្រៀមលក្ខណៈចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យបានជាមុនផងដែរ ខណៈយុទ្ធនការនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

លោក នង វាសនា បានលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ត្រូវរួមគ្នាខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងបំពេញឱ្យបានតាមសំណូមពររបស់ប្រជាពលរដ្ឋស្នើសុំ។

លោកក៏បានណែនាំបន្ថែមខិតខំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសចាក់ឱ្យបានគ្រប់ដូសតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ រួមគ្នាប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕