(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក បានប្រកាសបញ្ជូលសមាជិកថ្មីរចំនួន៧៦៦នាក់ទៀត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូ៣ ស្ថិតនៅសាលមហោស្របចេន ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក និងលោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ លោក-លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក-លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផ្សេងទៀតផងដែរ។

លោក ឱម យ៉ិនទៀង បានលើកឡើងថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែមទូទាំងសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ និងសង្កាត់ផ្សារដេប៉ូ៣របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្តថា សមាជិកបក្សចាស់ថ្មីមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

លោក ឱម យ៉ិនទៀង បានណែនាំដល់សមាជិកបក្រទាំងចាស់និងថ្មីត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕