(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យកម្មករ-កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ប្រសិនបើករណីមានភាពមិនប្រក្រតីត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ។

លោកស្រីថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ខេត្តស្វាយរៀង។

លោកស្រីក៏បានអានទាំងស្រុងនូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ជូនដល់អង្គពិធីទាំងមូល។

លោកស្រីបានណែនាំឲ្យកម្មករ-កម្មការិនីពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាងសម្រាប់យកទៅបោះឆ្នោត ជាពិសេសអត្តសញ្ញាណបណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។

ចំណែកឯតំណាងកម្មករ-កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកម្មករ-កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែរផងដែរ។

ជាមួយគ្នាលោកស្រី ម៉ែន សំអន ក៏បាននាំមកអំណោយចែកជូនដល់សម្រាប់កម្មករ-កម្មការិនីចំនួន៥០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុង១ ចំណែកស្ត្រីមានផ្ទៃពោះចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៤ម៉ឺនរៀល៕