(កំពង់ចាម)៖ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងសម្ព័ន្ធយុវជនមុស្លិកម្ពុជា (ស.យ.ម.ក) ស្រុកកោះសូទិន បានរៀបចំពិធីពិសាអាហារសាមគ្គីស្រាយបួសខែរ៉ាម៉ាឌន ជួបជុំមហាគ្រួសារ ស.ស.យ.ក និង ស.យ.ម.ក ស្រុកកោះសូទិន ដោយពិធីនេះ ធ្វើឡើងនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក ណាសៀត អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា, លោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និង យុវជន ស.ស.យ.ក និង ស.យ.ម.ក ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានថ្លែងអំណរគុណដល់ លោក អ៊ុន ចាន់ដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមនាឱកាសនេះ។ លោកក៏បានថ្លែងអំណរគុណ និងការកោតសរសើរដល់ ក្រុមការងាយុវជន សសយក និងសយមក ឃុំកោះសូទិន ស្រុកកោះសូទិន ដែលកន្លងមក បានខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អក្នុងការបម្រើការងារសង្គម។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសដោយប្រកាន់លើគោលនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធបានល្អដូចពេលបច្ចុប្បន្ន ហើយកម្ពុជាជាប់ចំណាត់ថ្នាក់លេខប្រាំពីរលើពិភពក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍលឿន។

លោកបានលើកឡើងបន្តទៀតថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខពីរ លើពិភពលោក ក្នុងការចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងកូវីដ១៩ ជូនប្រជាជនខ្លួនបានច្រើន ហើយបើទោះបីជាគណបក្សប្រឆាំងបានបំផុសបំផល នូវព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាជនខ្លះគិតពីភាពអវិជ្ជមានលើវ៉ាក់សាំងទាំងនោះក្ដី ក៏សម្ដេច លោកខិតខំប្រឹងប្រែង ស្វែងរកវ៉ាក់សាំង មកចាក់ការពារជូនប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារពីជំងឺដ៏កាចសាហាវនេះ។ នេះក៏ដោយសារការដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យកម្ពុជាមានការស្ញប់ស្ញែង និងកោតសរសើរពីពិភពលោក ពីការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានរំលឹកដល់អង្គពិធីទាំងមូល ឲ្យត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា អង្គពិធីទាំងអស់ នឹងបន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕