(ស្វាយរៀង)៖ គួរឱ្យអាសូរណាស់ បុរសអ្នកប្រកបអាជីវកម្មបញ្ចូល និងលក់ហ្គាសម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង ដោយសារផ្ទុះធុងហ្គាស ហើយបានបំផ្លាញផ្ទះទាំងស្រុង និងទ្រព្យសម្បត្តិអស់ជាច្រើន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣៖១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

នគរបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម ចិន អាយុ៣០ឆ្នាំ មុខរបរបញ្ចូល និងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុខាងលើ។

ក្នុងករណីនេះ បានបង្កឱ្យផ្ទះ១ខ្នង មានទំហ៊ុ៧ម៉ែត្រ គុណ៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្ខសី ជញ្ជាំសង្ខ័សីខូចខាតទាំងស្រុង និងបណ្តាលឱ្យឆេះម៉ូតូ និងរុឺមម៉កសណ្តោង ១គ្រឿង ហ្គាសធុងធំចំនួន ១១ធុងហ្គាស កំប៉ុងតូចចំនួន៨០កំប៉ុង និងសម្ភារប្រើប្រាស់មួយធំចំនួនទៀតផងដែរ។

សត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើនេះ មានមុខរបរបញ្ចូល និងដូរហ្គាសជាច្រើនឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ គាត់កំពុងដេកលង់លក់ជាមួយគ្រួសារ ស្រាប់តែលឺសូរសម្លេងក្ដាំងមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាងចេញមកមើល និងដងទឹកជះពន្លត់ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ យករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ ប៉ុន្តែដោយភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រង ស្ថានការណ៍នោះទេ។

បច្ចុប្បន្ន សពម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចរកឃើញក្នុងភ្នក់ភ្លើងស្លាប់គួរឱ្យសង្វេគ និងបានប្រគល់ឱ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕