(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញចេញផែនការណែនាំ ស្តីពីការរៀបចំបុណ្យវិសាខបូជា ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស. ២០២២។ នេះបើតាមផែនការណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ក្នុងផែនការណែនាំ បានឲ្យដឹងថា បុណ្យវិសាខបូជា គឺជាបុណ្យមួយ ក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធមាមកជននៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពុំដែលខាន។

ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន។

ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យវិសាខបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាងកុសលដ៏ថ្លៃថ្លាបំផុត។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នមន្ត្រីរាជការអ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី ព្រមទាំងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។

ឆ្នាំនេះ បុណ្យវិសាខបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥-១៦ ខែឧសភា ឆ្នាំ២០២២៕

ខាងក្រោមនេះ ជាផែនការណែនាំ ដែលមានខ្លឹមសារទាំងស្រុង៖