(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញមោទនភាព ដែលវិស័យអប់រំនៅកម្ពុជា បានកំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់បែបនេះ ធ្វើឡើងក្នុងពីធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

លោកបន្តថា «ការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែយុវជន យើងកំពុងត្រូវការសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពកម្រិតខ្ពស់ ជាពិសេស នៅពេលមានការកើនឡើង យ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធអ៊ិនធើណិតជាដើម ។ ខ្ញុំពិតជាគាំទ្រដល់គំនិតផ្តួចផ្តើម នៃការអប់រំតាមបែបឌីជីថល ដើម្បីពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស, និស្សិត និង យុវជន ក្នុងគោលបំណងទាញប្រយោជន៍ ពីសេដ្ឋកិច្ចឌីជីថល និងធ្វើឱ្យយុវជនជំនាន់ក្រោយ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និង ទីផ្សារឌីជីថល»។

អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងទៀតថា ការអភិវឌ្ឍសមត្ថភាពរបស់សិស្ស និស្សិត យុវជន និងប្រជាជនទូទៅ ក្នុងការប្រើប្រាស់ និង ទទួលផលពីបច្ចេកវិទ្យាទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងវៃឆ្លាត គឺជាកត្តាចាំបាច់ ដើម្បីធានានូវឧត្តមភាពប្រៀបធៀបរបស់កម្ពុជា នៅក្នុងតំបន់ និង សកលលោក ។ វិស័យអប់រំពិតជាត្រូវការចាំបាច់នូវភាពជាអ្នកដឹកនាំ ដែលមានភាពវៃឆ្លាត, រស់រវើក,បុរេសកម្ម, និង ទន់ភ្លន់ ក្នុងការដោះស្រាយបញ្ហា និង ឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍នៃវិបត្តិដែលបង្កឱ្យមានភាពរអាក់រអួលក្នុងការបង្រៀន និង ការរៀននៅទូទាំងប្រទេស ។ ប្រព័ន្ធអប់រំត្រូវមានភាពធន់ តាមរយៈភាពរស់រវើកក្នុងការកំណត់អាទិភាព, ទាំងផ្នែកចំណាយ និង ការបំពេញការងារ, រួមទាំងការចាប់យកឱកាស ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ក្នុងការកែទម្រង់ ចាប់យក ឬច្នៃប្រឌិតនូវវិធី (Method) និង វិធីសាស្រ្ត (Methodology) នៃការអប់រំ, ការបង្រៀន និង ការរៀន។ ក្នុងន័យនេះ ការអប់រំត្រូវមានភាពស្វាហាប់ និង ភាពឆ្លើយតប ដោយរួមបញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងការបង្រៀន និងការរៀន, ការបង្រៀន និង ការរៀនតាមបែបចម្រុះ, ការអនុវត្តកម្មវិធីសិក្សាដែលអាចបត់បែនបាន និង ផ្សារភ្ជាប់ទៅនឹងគន្លងអាជីពការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិន សំដៅភ្ជាប់ការអប់រំទៅនឹងការដោះស្រាយ បញ្ហាជាក់ស្តែងការលើកកម្ពស់ទំនាក់ទំនងរវាងការសិក្សា និង ធុរកិច្ច។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការសិក្សា អប់រំតាមបែបឌីជីថល ក្រសួងបាន បង្កើតបន្ទប់ឌីជីថលតាមគ្រឹះស្ថានសិក្សា សម្រាប់បម្រើដល់ការសិក្សា និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នា ក្រសួងបាន អភិវឌ្ឍសមត្ថភាពសាលារៀន គណៈគ្រប់គ្រង និងបុគ្គលិករដ្ឋបាន ដើម្បីជួយគាំទ្រដល់ការអប់ឌីជីថល និងការគាំទ្រដល់ការបំប៉នសិស្ស ដើម្បីឱ្យពួកគេអាចរៀនតាមបែបឌីជីថលបាន៕