(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឌី ពៅ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីកក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី ពៅ បានរំលឹកថា នេះជាលើកទី២ ហើយដែលលោកមកធ្វើបទឧទ្ទេសនាម (លើកទី១ ជំនាន់ទី២៦៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១) ហើយលោកក៏ធ្លាប់អមដំណើរលោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មកបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៧ កាលពីថ្ងៃទី២៥ ខែធ្នូ ២០២១ផងដែរ។

លោកឧត្តមសេនីយ៍ឯក ឌី ពៅ បានបន្ដទៀតថា បទឧទ្ទេសនាមនេះ ធ្វើឲ្យលោកនឹកឃើញ ការឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញកងអង្គរក្សកាលពីកំឡុងឆ្នាំ ១៩៩៧ ១៩៩៨ (ប្រឆាំងភេវរកម្ម) ។ បន្ថែមពីនេះ លោកបានណែនាំគោលការណ៍វិន័យ ៨ចំណុច ដល់សិក្ខាកាមកំពុងហ្វឹកហ្វឺនត្រូវអនុវត្តឲ្យបានដាច់ខាត តាមការណែនាំរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ក្នុងនោះរួមមាន៖

*ទី១៖ គោរពឲ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមឲ្យសកម្ម ក្នុងការអនុវត្តគោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើការស្ពា និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ

*ទី២៖ ត្រូវយកចិត្តទុកដាក់បន្តការតស៊ូ អត់ធន់ លះបង់ខ្ពស់បំផុត ប្រកាន់អោយបានខ្ជាប់ខ្ជួននូវវិន័យសេចក្តីថ្លៃថ្នូរ ឲ្យសក្តិសមជានាយទាហាន ពលទាហាន មានសមត្ថភាព ទឹកចិត្តអង់អាចក្លាហានរបស់ប្រទេសជាតិ

*ទី៣៖ ត្រូវសហការឲ្យបានជិតស្និទ្ធ បំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗដូចជា សេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម

*ទី៤៖ បង្កើនវិធានការ ការគ្រប់គ្រង ថែរក្សា ការពារសម្ភារៈឧបករណ៍ អាវុធជាតិផ្ទុះឲ្យបានគង់វង្ស មិនធ្វេសប្រហែសដោយប្រការណាមួយ ធ្វើឲ្យធ្លាក់ដល់ដៃជនទុច្ចរិតយកទៅប្រព្រឹត្តផ្សេងៗជាហេតុបង្កឲ្យមានអសន្តិសុខ អស្ថេរភាព ក្នុងសង្គមជាតិនោះឡើយ

*ទី៥៖ ត្រៀមលក្ខណៈជានិច្ចរង់ចាំទទួលបទបញ្ហា ក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុ

*ទី៦៖ យកចិត្តទុកដាក់ថែរក្សាលើសុខមាលភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត (កូវីដ១៩) ដើម្បីក្លាយជាកម្លាំងដ៏ខ្លាំងក្លាលើកិច្ចការពារសន្តិសុខ សុវត្ថិភាព ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិសេសការពារប្រជាជាតិកម្ពុជាឲ្យរស់ក្នុងសុខសន្តិភាព និងសុភមង្គល

*ទី៧៖ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែង តស៊ូ ហាត់ពត់លត់ដំផ្នែកទ្រឹស្តី យុទ្ធសាស្ត្រយុទ្ធវិធី ជំនាញអង្គរក្ស ទាមទារមានការយល់ដឹងច្បាស់លាស់អំពីបច្ចេកទេសប្រព័ន្ធ នៃទម្រង់ការពារ និងមានសមត្ថភាពគ្រប់គ្រាន់ធានាបាននូវសុវត្ថិភាព១០០% នៅពេលអនុវត្តភារកិច្ចជាក់ស្តែង

*ទី៨៖ ត្រូវគោរពឲ្យបាននូវច្បាប់លក្ខន្តិកៈ បទវិន័យទូទៅ លក្ខន្តិកៈ៦មិន ៨ត្រូវរបស់កងយោធពលខេមរភូមិន្ទ បទបញ្ញត្តិ១០ អភិក្រម៥ របស់រាជរដ្ឋាភិបាល ជាពិសេសត្រូវគោរពឲ្យបានដាច់ខាតនូវអភិក្រមបី របស់បញ្ជាការដ្ឋានអង្គរក្ស និងបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី ពៅ ក៏បានចុះពិនិត្យមើលអគារទីចាត់ការ និងបណ្ដាល័យ ដែលជាការផ្ដួចផ្ដើមគំនិតសាងសង់របស់លោក តម្លៃជាង១០ម៉ឺនដុល្លារ ដែលទើបបញ្ចប់ការសាងសង់រួចរាល់ហើយផងដែរ៕