(ពោធិ៍សាត់)៖ បើទោះបីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ទើបនឹងបញ្ចប់ថ្មីៗ ស្ថិតិភ្ញៀវទេសចរចុងសប្តាហ៍ទី៣ នៃខែមេសា ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានអ្នកមកដើរលេងកម្សាន្ត ចំនួន៣០,៩៦០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៣០,៩៤៧នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន១៣នាក់។

នេះបើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៩១,៦៩% (ទេសចរសប្តាហ៍មុន មានចំនួន ៣៧២,៩២៣នាក់)។ សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៥,៧៦០នាក់ (ក្នុងនោះស្រី ២,៩២៦នាក់)។

ប្រភពដដែលបានបន្ថែមថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៤៨០នាក់ ស្រី២១៤នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការ) និងមានភ្ញៀវសរុប៨២៧នាក់ ស្រី៣២៨នាក់។

បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំ នៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។ ជាមួយគ្នានោះក្រសួងទេសចរណ៍ នៅតែជម្រុញដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP ជាប់ជាប្រចាំ និងជម្រុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖
* ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់
* ខេត្តបាត់ដំបង ៤១,៦៦៧នាក់
* ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់
* រាជធានីភ្នំពេញ ៣០,៨៩៥នាក់
* ខេត្តកំពត ២៦,៦៤៤នាក់
* ខេត្តកែប ២៥,២៨៥នាក់
* ខេត្តសៀមរាប ២២,៦៩៣នាក់៕