(កោះកុង)៖ លោក មីន រស្មី តំណាងឲ្យឧត្តមសេនីយ៍ យន្ត មីន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយស្វាយ ស្រុកស្រែអំបិល រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានផ្តល់អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យចំនួន១៥អំពូល សម្ភារអគ្គិសនីមួយចំនួនបន្ថែមទៀត ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដើម្បីបំភ្លឺមន្ទីរគណបក្សប្រជាជនឃុំ និងបំភ្លឺតាមដងផ្លូវសាធារណៈឲ្យមានសោភ័ណ្ឌ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក មីន រស្មី បានឲ្យដឹងថា អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យ និងសម្ភារអគ្គិសនីមួយចំនួនបន្ថែមនេះ ជាអំណោយសប្បុរសធម៌របស់នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានផ្តល់ជូនអាជ្ញាធរស្រុក ដើម្បីបំពាក់នៅតាមដងផ្លូវសាធារណៈ និងនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងដើម្បីពេលយប់ព្រលប់ដែលសរុបជាថវិកាចំនួន១,៧០០ដុល្លារ។

លោក មីន រស្មី បានបន្ដទៀតថា អំពូលសូឡាដែលបានបំពាក់នៅក្នុងឃុំជ្រោយស្វាយនេះ អាចធ្វើឲ្យមានសោភ័ណ្ឌភាព ក្នុងមន្ទីរបក្ស និងនៅតាមដងផ្លូវសាធារណៈផងដែរ។

លោកបានបន្តថា នាយឧត្តមសេនីយ៍ យន្ត មីន នៅតែខិតខំផ្តល់សម្ភារបន្ថែមទៀតដើម្បីប្រជាពលរដ្ឋ ដែលក្រុមការងារត្រូវជួយអភិវឌ្ឍ នៅតាមមូលដ្ឋានឲ្យមានភាពរីកចំរើនដើម្បីសុខសុវត្ថិភាព ប្រជាពលរដ្ឋនិងដើម្បីគណបក្សប្រជាជនយើង។

លោកបានបន្តថា អគាមន្ទីរបក្សឃុំនេះ ជាអគារថ្មីទើបសាងសង់ដែលមានការផ្តួចផ្តើមពីនាយឧត្តមសេនីយ៍ យន្ត មីន ហើយលោកជំរុញឲ្យជាងធ្វើយ៉ាងណាបានឆាប់ចប់ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលឆាប់ខាងមុខនេះ។

បន្ថែមពីនេះទៀតលោក មីន រស្មី ក៏បានផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ដល់អាជ្ញាធរគ្រប់មូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច «៣កុំ និង៣ការពារ» ចំពោះបរិបទកូវិដ១៩ និងនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ពីព្រោះកូវិដ១៩ មិនទាន់សាបសូន្យទេ៕