(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ ខេត្តកណ្ដាល បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះជួយដោះស្រាយទុក្ខលំបាកនានារបស់ពលរដ្ឋដល់ខ្នងផ្ទះរបស់ពួកគាត់ និងជួយសម្រួលដល់ភាពខ្វះខាតឯកសារទាំងឡាយណាដែលពលរដ្ឋកំពុងជួបប្រទះ ធ្វើយ៉ាងណាជួយដល់ពលរដ្ឋឲ្យមានឯកសារគ្រប់ចំនួន ដើម្បីមានគ្រប់លក្ខខណ្ឌក្នុងការបោះឆ្នោត ដែលខិតមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់សមាជិកភាពបក្សឃុំព្រែកថ្មី និងពលរដ្ឋខ្មែរឥស្លាមជាច្រើននាក់ លោក ចៅ តុល ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាអំឡុងពេលបោះឆ្នោតឃុំ-សង្កាត់នាពេលឆាប់ៗខាងមុខនេះ ដើម្បីនិរន្តរភាព នៃសុខសន្តិភាព និងការរីកចម្រើនទៅមុខជាលំដាប់ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ចៅ តុល ថ្លែងបន្តថា ៥០០ឆ្នាំមកហើយ កម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែមកដល់សម័យតេជោសែន គឺកម្ពុជាមានឯកភាពជាតិតែមួយ ក្រោមដំបូលតែមួយ គឺរកបានដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវទទួលស្គាល់ទាំងអស់គ្នា ព្រោះវាជាការពិត។ គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា យើងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍ មានសុខសន្តិភាព មានការឯកភាពជាតិ និងបន្តដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ដូច្នេះមន្ត្រីមូលដ្ឋានទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការផ្សព្វផ្សាយពីទង្វើល្អរបស់គណបក្សប្រជាជនកម្ពុជា ឲ្យរឹតតែខ្លាំងឡើង ហើយខ្លួនឯងផ្ទាល់ក៏ត្រូវតែធ្វើល្អ បម្រើប្រជាពលរដ្ឋឲ្យរឹតតែល្អប្រសើរឡើង ព្រោះការបោះឆ្នោតឃុំសង្កាត់ ខិតជិតចូលមកដល់ហើយ។

លោកក៏ជំរុញឲ្យផ្ដល់ការចាក់វ៉ាក់សាំងឲ្យគ្រប់ដួស ដល់គ្រប់ពលរដ្ឋគ្រប់អាយុទាំងអស់ឲ្យបានឆាប់ៗផងដែរ ព្រោះសម្ដេចតេជោ ជាមេដឹកនាំបេះដូងទូលាយ និងស្រលាញ់ពលរដ្ឋបំផុត ខណៈដែលលោកបានខិតខំស្វែងរកជំនួយ និងទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារអាយុជីវិតពលរដ្ឋយើង មិនឲ្យឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាដាច់ខាត។

លោក ចៅ តុល បានបន្ថែមថា នៅស្រុកកោះធំនេះ មានមន្ទីរពេទ្យទំនើបមួយបាននិងកំពុងតែសាងសង់ឡើង គឺមន្ទីរពេទ្យតេជោសែនកោះធំ ដែលជាមន្ទីរពេទ្យត្រូវបានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ជាង១១លានដុល្លារ ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋទូទាំងស្រុកកោះធំ និងស្រុកផ្សេងៗ ទៀតនៅជុំវិញ ដើម្បីបានជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលមានជំងឺដង្កាត់មករកសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ខណៈដែលមន្ទីរពេទ្យតេជោនេះ គឺបំពាក់ទៅដោយឧបករណ៍ទំនើបៗ មានធនធានមនុស្សមានជំនាញពិតប្រាកដ និងមានស្តង់ដារត្រឹមត្រូវ។

បន្ថែមលើសនេះ លោក ចៅ តុល ក៏បានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការចុះជួយដល់សង្គមឃើញមានការផុសផុលខ្លាំងណាស់ ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍន៍តទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕