(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បវកញ្ញាអន្តរជាតិ ២០១៥ (Miss Global 2015 ) បានចុះស្វែងយល់ពីការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក របស់អាជ្ញាធរជាតិអប្សរា។

លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តន៍ផែនការ គ្រប់គ្រងទេសចរណ៍អង្គរ បានជម្រាបភ្ញៀវ ស្តីពីការទទួលបានចំណាត់ថ្នាក់លេខ១ស្ទួនៗ ជាបន្តបន្ទាប់ នៃតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ពោលគឺ កាលពីឆ្នាំង២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា គឺគេហទំព័រ ArchaeoMadness។

បន្ទាប់មកទៀត គឺនៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺ គេហទំព័រ Tripadvisor និងជាចុងក្រោយក្នុងរយៈថ្មីៗនេះ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវេបសាយ ទស្សនាវដ្តី និងសៀវភៅជាដើម។

លោក សុខ សង្វារ បានលើកយកកត្តាសំខាន់ៗជាច្រើន ដែលជម្រុញឲ្យអង្គរទទួលបានចំណាត់ថ្នាក់ទាំងនេះ រួមមាន ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា វិស័យឯកជន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជន និងភ្ញៀវទេសចរគ្រប់រូប ក្នុងការរួមចំណែកលើការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការអភិរក្ស សម្បត្តិបេតិកភណ្ឌពិភពលោក នៃតំបន់ឧទ្យានអង្គរ។

ក្នុងការចុះស្វែងយល់ដោយផ្ទាល់នោះ Miss Global 2015 បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានចុះពិនិត្យដោយផ្ទាល់ នៅទីតាំងតំបន់អង្គរ ដើម្បីឲ្យបានស្គាល់ច្បាស់ និងអាចប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ឲ្យមកទស្សនាតំបន់អង្គរកាន់តែច្រើនឡើងថែមទៀត៕