(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅគ្រោះធម្មជាតិនៅកម្ពុជាពេលនេះថា ជាស្ថានភាពអាក្រក់បំផុត ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ ការបង្កបង្កើនផលសម្រាប់ស្រូវបង្កើនរដូវ និងដំណាំអាទិភាពមួយចំនួនទៀត។

សម្តេចបានបញ្ជាក់ថា ស្រូវបង្កើនរដូវដែលប្រជាពលរដ្ឋមានទម្លាប់ដាំដុះនៅ ចុងខែមេសា និងដើមខែឧសភា កំពុងជួបការលំបាកដោយសារ តែកង្វះទឹកភ្លៀង។ សម្តេចថា «មកដល់ពេលនេះហើយ យើងអាចដឹងថា វិស័យកសិកម្ម គឺស្រូវបង្កើនរដូវដែលប្រជាជនមានទម្លាប់ ធ្វើចាប់ពីចុងខែមេសា ដើមខែឧសភា ហើយទៅច្រូតកាត់នៅខែតុលា អាហ្នឹងគេហៅស្រូវបង្កើនរដូវ ឆ្នាំនេះប្រហែលជាគ្មានស្រូវបង្កើនរដូវទេ ព្រោះស្ថានភាពឆ្នាំនេះអាក្រក់ណាស់»

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងបែបនេះ ខណៈដែលសម្តេច អញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

ទោះបីជាមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តមួយចំនួនក៏ដោយ សម្តេចតេជោ បានអះអាងដោយផ្អែកលើព័ត៌មានដែលទទួលថា ភ្លៀងទាំងនោះនៅ មិនទាន់អាចបន្សើមដីឱ្យបានគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផលនៅឡើយ ហើយប្រជាពលរដ្ឋ នៅតាមខេត្តមួយចំនួន នៅតែបន្តរស់នៅដោយខ្វះទឹកប្រើប្រាស់។

សម្តេចថា «ការរាំងស្ងួតអូសអន្លាយ ហើយដង្ហើមទឹកធ្លាក់ចុះ ធ្វើឱ្យអណ្តូងជាច្រើនមានការគោករាក់ ឥឡូវនេះ យុទ្ធនាការទ្រង់ទ្រាយធំដើម្បីផ្គត់ផ្គង់ទឹក ជូនប្រជាជនបាន និងកំពុងធ្វើ សូម្បីតែខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវយកទឹក៥លានម៉ែត្រគូប ចេញពីអាងកំពីងពួយទៅបន្ទាយមានជ័យ ចម្ងាយជាង១០០ម៉ែត្រ ដែលយើងត្រូវរុញ ជីកផង កាយប្រឡាយផង បូមផង ឥឡូវទើបតែទៅដល់ស្ទឹងបាវិល ប៉ុន្តែមិនទាន់បរិបូរណ៍នៅឡើយទេ»

សម្តេចតេជោ បានបន្ថែមថា «យើងធ្លាប់តែចែកស្បៀង មិនដែលចែកទឹកទេ ប៉ុន្តែស្ថានភាពពេលនេះវាអាក្រក់ពេកហើយ អញ្ចឹងយើងអាចប៉ាន់ស្មានថា ផ្នែកវិស័យកសិកម្ម ទាក់ទិនជាមួយនឹងការដាំដុស ជាពិសេសស្រូវបង្កើនរដូវឆ្នាំនេះ បើមានក៏មានចំនួនតិចតួចណាស់ ហើយនឹងប៉ះពាល់ទៅដល់ការដាំដុះដូចជាពោត ល្ង និងដំណាំអ្វីៗទៀត កន្លែងខ្លះមានភ្លៀងធ្លាក់ហើយ ប៉ុន្តែមិនដឹងថានៅពេលទៅមុខទៀតយ៉ាងម៉េច»

របាយការណ៍របស់ក្រសួងធនទឹកបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ភ្លៀងបានធ្លាក់នៅចំនួន២៣ រាជធានី-ខេត្ត ហើយរហៈពេល៩ថ្ងៃទៅមុខនេះ នឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត។ ការព្យាករណ៍ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែឧសភានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់១៨ ខែឧសភា ឆ្នាំ២០១៦ សីតុណ្ហភាពនៅកម្ពុជាំនឹងមានធ្លាក់ចុះបន្តិច គឺនៅតំបន់ទំនាបមានពី ៣៦ ដល់ ៣៨អង្សាសេ, តំបន់ខ្ពង់រាប មានពី ៣៥ ដល់៣៧អង្សាសេ និងតំបន់មាត់សមុទ្រ មានពី៣៤ ដល់៣៦អង្សាសេ ដែលកាលពីមុនសីតុណ្ហភាពឡើងរហូតដល់៤០ ទៅ៤២អង្សាសេ។ អំឡុងពេលនោះ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ហើយក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕