(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ក្លាយជាសិស្សពូកែ និងទទួលបានចំណាត់ថ្នាក់និទ្ទេសA និទ្ទេសB និងនិទ្ទេសC នៅឃុំជាច ស្រុកកំចាយមារ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២០-២០២១នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកនូវម៉ូតូ ទូរស័ព្ទ និងថវិកា ដើម្បីផ្តល់ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ។

នាឱកាសនោះ លោក វង សូត បានកោតសរសើរចំពោះសិស្សប្រឡងជាប់និទ្ទេសA និងនិទ្ទេសផ្សេងៗទៀតទាំងអស់ ជាពិសេសក៏ចូលរួមសោកស្តាយ ចំពោះសិស្សដែលប្រឡងធ្លាក់ ហើយបានលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបានប្រឡងជាប់នៅឆ្នាំនេះ។

លោក វង សូត បានថ្លែងចូលរួមអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាសំខាន់ដែលអ្នកប្រឡងជាប់ គឺការជ្រើសរើសសាលា និងមុខជំនាញ ដែលត្រូវរៀន ហើយកុំមើលអ្នកផ្សេងដែលគេរៀនចប់ ធ្វើការកន្លែងល្អ បានលុយច្រើន ធ្វើតាមគេ ពេលខ្លះមិនទទួលបានជោគជ័យនោះទេ។ ប៉ុន្តែអ្វីដែល ត្រូវគិតខ្លួនឯងថា ចូលចិត្តរៀនជំនាញអ្វី ដែលខ្លួនស្រឡាញ់ពេញចិត្ត ទើបសម្រេចបានជោគជ័យក្នុងការសិក្សា និងគោលបំណងប្រាថ្នារបស់ខ្លួន។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្មួយៗ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។

លោក វង សូត បានបញ្ជាក់ថា សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២០-២០២១នេះ នៅទូទាំងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន១វិទ្យាល័យ ក្នុងនោះ សិស្សប្រឡងជាប់មានចំនួន ៨៤នាក់ ក្នុងនោះ សិស្សប្រឡងជាប់ និទ្ទេសA ចំនួន ២នាក់ ម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង, និទ្ទេសB ចំនួន ៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និទ្ទេសC ចំនួន ១១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ឧបត្ថម្ភជូនសាលាវិទ្យាល័យជាចចំនួន៧លានរៀល សម្រាប់រៀបចំការលេងល្បែងប្រជាប្រិយ៍ ហូបចុក រាំលេង និងប្រគល់ថវិការជូនមេឃុំចំនួន៨ ក្នុងស្រុកកំចាយមារ មួយឃុំ១លានរៀល និងចាប់រង្វាន់ទូរស័ព្ទដៃOppo ចំនួន១៦គ្រឿងផងដែរ៕