(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ជាថ្ងៃវារៈឡេីងស័ក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ បានអញ្ជើញជាអធិបតីបិទកម្មវិធីសង្រ្កាន្តបន្ទាយឆ្មារ អធិដ្ឋានភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប និងងូតទឹកជូនមនុស្សចាស់ជាមួយប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយភាពជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅ ប្រជាពលរដ្ឋមានឱកាសសប្បាយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដាច់ណាត់ និងទាន់ពេលវេលា ក្នុងការទិញនិងការទទួលបាននូវវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ ចាក់វ៉ាក់សាំងជូនប្រជាជនតាមអភិក្រមផ្ការីកដែលនាំឲ្យការឆ្លងជំងឺកូវីដ-១៩ ថយចុះ មានភាពស៊ាំក្នុងសហគមន៍រាជរដ្ឋាភិបាល អាចប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។

លោក កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមថែរក្សាគាំពារមនុស្សចាស់ឲ្យមានសុខភាពល្អ រស់នៅប្រកបដោយភាពថ្លៃថ្នូរ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា សមស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ បន្តចូលរួមរក្សា ការពារ សន្តិភាព ស្ថិរភាពនយោបាយ ពង្រឹងសមាគមមនុស្សចាស់ សមាគមអតីតយុទ្ធជន បន្តយកចិត្តទុកដាក់ និងគាំទ្រគ្រប់មធ្យោបាយ សុខុមាលភាពមនុស្សវ័យចាស់ ឲ្យកាន់តែល្អប្រសើរដល់ជនចាស់ជរាពិការភាព ចាស់ជរា ដែលគ្មានទីពឹង យកចិត្តទុកដាក់តាមដានសុខភាព និងតម្រូវការចាំបាច់មនុស្សជ័យចាស់ នៅក្នុងរដូវក្តៅ។

បន្ថែមពីនេះ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងអញ្ជេីញទៅបោះឆ្នោតក្រុម ប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជាមួយសម្តេចតេជោបន្តថែរក្សាបាននូវសន្តិភាព បន្តការអភិវឌ្ឍ អប់រំកូនចៅប្រតិបត្តិបាននូវអំពេីល្អចាកអំពេីអបាយ ពិេសសគ្រឿងញៀន។

ជាមួយគ្នានឹងភាពរីករាយ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ផ្តល់អំណោយថវិកាសរុប ចំនួន១០,១០០,០០០រៀល ឧបត្ថម្ភជូនដល់:នគរបាល ស្រុកថ្មពួក កងរាជអាវុធហត្ថ ផ្នែកសឹករងស្រុក វរៈសេនាតូចថ្មើរជើង៥១៤ នគរបាលការពារបេតិកភ័ណ្ឌ វរៈការពារព្រំដែន៨០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយឆ្មារ ឆ្មាំប្រាសាទបន្ទាយឆ្មារ ប្រជាការពារ ក្រុមគ្រូពេទ្យ ក្រុមប្រឹក្សា និងជំនួយការឃុំ ក្រុម ស.ស.យ.ក ក្រុមការងាររៀបចំសង្ក្រាន្ត ក្រុមយុវជនបន្ទាយមានជ័យនៅរាជធានីភ្នំពេញ និងជូនជនចាស់ជរាសរុបចំនួន៤៥០នាក់ ម្នាក់ៗទទួលបានឃីត១កញ្ចប់ មាន:ក្រម៉ា ទឹកដោះគោ បំពុងទឹកក្តៅចំណុះ ២លីត្រ តែ ស្កសរ ពិលជួតក្បាល មី កៅអៀក អំបិល អ៉ីយ៉ូត ទឹកស៉ីអ៉ីវ ទឹកត្រី ខ្លាញ់ ប្រេងកូឡា សារ៉ុង១ ថវិកា៥ម៉ឺនរៀល អាហារសាមគ្គី១ពេល៕