(ព្រះសីហនុ)៖ ក្នុងដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អភិសេករូបសំណាកព្រះថោង-នាងនាគនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទីសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបូជាទៀនធូប និងផ្កាភ្ញី នៅរូបសំណាកនាគ ក៏ដូចជាទីគោរពសក្ការៈនានា នៅបរិវេណរមណីយដ្ឋាន «ទ្រី ផាលេស រីសត Try Palace Resort Sihanoukville» ស្ថិតនៅពយកំពេញ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រៅតែពីរូបសំណាកនាគ ទីសក្ការៈ ដែលលោកស្រីឧបនាយករដ្ឋមន្ត្រី បានបូជាទៀនធូប និងផ្កាភ្ញីនោះរួមមាន៖ ព្រះគណេស លោកយាយម៉ៅ ព្រះភូមិ ព្រះបាទជ័យវរ្ម័នទី៧ ព្រះកម្ចាយ និងព្រះគោព្រះកែវ។ ក្នុងឱកាសបូជាទៀនធូប និងផ្កាភ្ញីនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ដែលជាអ្នកគោរពប្រណិប័ត៍យ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ផ្សេងៗរបស់ខ្មែរនោះ បានបួងសួងសូមឱ្យបារមីនៃទីសក្ការៈបូជាទាំងនេះ ថ្វាយនូវពរជ័យសិរីបវរប្រសើរថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងដល់បារមីនៃទីសក្ការៈទាំងអស់ ប្រសិទ្ធពរជ័យសេរីមហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ជាតិកម្ពុជាឱ្យរីកចម្រើន និងសុខសន្តិភាពតរៀងទៅ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងដល់បារមីទីសក្ការៈទាំងអស់ តាមបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងមានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីការរាតត្បាតជំងឺកូវីដ១៩ និងមានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

ក្រៅតែពីបានអញ្ជើញបូជាទៀនធូប និងផ្កាភ្ញីដល់ទីសក្ការៈបូជាហើយនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានអញ្ជើញទស្សនាពីការអភិវឌ្ឍន៍នៅបរិវេណរមណីយដ្ឋានពយកំពេញផងដែរ។ លោកស្រីឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុនទ្រីភាពគ្រុប របស់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ដែលបានកែលំអ និងអភិវឌ្ឍន៍នៅតំបន់ពយកំពេញ ឱ្យក្លាយទៅកន្លែងសម្រាកលំហែប្រកបដោយភាពទាក់ទាញនៅក្នុងក្រុងព្រះសីហនុ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការកែលំអនៅតំបន់ពយកំពេញនេះ ជាការរួមចំណែកមួយដល់ការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ដែលជាខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏មានសក្តានុពល។

«ទ្រី ផាលេស រីសត» ត្រូវបានអ្នកឧកញ៉ា ទ្រី ភាព កែលំអ និងអភិវឌ្ឍន៍ ដោយបង្កើតជាឆ្នេរសិប្បនិម្មិត សាងសង់ផ្ទះសម្រាកលំហែប្រកបដោយភាពប្រណិត សាងសង់អាហារដ្ឋាន សាងសង់អាងសម្រាប់ហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។

«ទ្រី ផាលេស រីសត» ជាកន្លែងសម្រាកលំហែដ៏ទាក់ទាញបំផុតសម្រាប់អ្នកទេសចរ។ ដោយសារទីតាំងនេះលយចូលជ្រៅមកក្នុងផ្ទៃសមុទ្រធ្វើឱ្យតំបន់នេះ បានភពប្រសព្វជាមួយវាយោបក់បោកខ្លាំងធ្វើឱ្យអ្នកទេសចរអាចស្រូបបាននូវខ្យល់សមុទ្រប្រកបដោយភាពបរិសុទ្ធ អាចគយគន់ទិដ្ឋភាព និងទេសភាពនានាយ៉ាងត្រជាក់ភ្នែក។ ជាពិសេសមានសភាពស្ងប់ស្ងាត់ដោយមិនមានការរំខានសំឡេងយានយន្តនានា ដែលជាការរំខានដល់ការសម្រាក និងការលំហែនោះឡើយ។ អ្វីកាន់តែពិសេសទៀតនោះ នៅតាមផ្ទះសម្រាកលំហែមានការរៀបចំស្នាក់នៅលក្ខណៈគ្រួសារ ប្រកបដោយភាពទាក់ទាញ មានអាងហែលទឹកផ្ទាល់ខ្លួន និងអាចរៀបចំពិធីផ្សេងៗលក្ខណៈគ្រួសារបានផងដែរ។

«ទ្រី ផាលេស រីសត» ជារមណីយដ្ឋានសម្រាកលំហែដ៏ស័ក្តិសមបំផុត សម្រាប់អ្នកទេសចរមកកាន់ខេត្តព្រះសីហនុ ដែលចង់លេងកម្សាន្តលក្ខណៈឯកជន ឬជាលក្ខណៈគ្រួសារ៕

អ្នកទេសចរចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋាន «ទ្រី ផាលេស រីសត Try Palace Resort Sihanoukville» អាចទាក់ទងព័ត៌មានតាមទំព័រហ្វេសប៊ុកដែលភ្ជាប់មកជាមួយនេះ៖  https://www.facebook.com/Trypalaceresortsihanoukvillecambodia/