(ព្រះសីហនុ)៖ ថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំង អស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជម្រុញ នឹងទទួលយកការចាក់វ៉ាក់សាំងនៅតាមនៅតាមបណ្តាខេត្ត នៅតាមវត្តអារាម និងនៅតាមទីកន្លែងដែលមានការរៀបចំ របស់អាជ្ញាធរ មុនពេលត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំព្រះករុណាខ្ញុំយល់ដឹងថា កាលពីចេញដំណើរដើមដំបូងនោះប្រជាពលរដ្ឋរបស់យើង ទោះបីយើងរៀបចំទីកន្លែងចាក់វ៉ាក់ សាំងយ៉ាងច្រើន ប៉ុន្តែតម្រូវការរបស់ប្រជាពលរដ្ឋ គាត់ដឹង គាត់យល់ កាលណាចាក់វ៉ាក់សាំងគេហាមមួជទឹកមួយថ្ងៃ ឫប៉ុន្មានម៉ោង ចឹងទេប្រជាពលរដ្ឋគាត់ត្រូវការមួជទឹក គាត់ត្រូវការលេងទឹក គាត់មិនបានចាក់វាក់សាំងទេ តែសង្ឃឹមថាមុនត្រឡប់ទៅផ្ទះវិញ សូមទទួលយកវ៉ាក់សាំងនៅទីកន្លែងដែលបានរៀបចំជូននៅតាមបណ្តាខេត្ត នៅតាមវត្តអារាម និងនៅតាមទីកន្លែងខ្លះទៀត ដោយមានការរៀបចំរបស់អាជ្ញាធរខេត្ត»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការធ្វើកិច្ចការងារនេះគឺដើម្បីធានាថាកម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់ បើទោះបីជាពិធីបុណ្យចូលឆ្នាំនេះ មានប្រជាពលរដ្ឋដើរលេង រាប់លាននាក់ និងមានទីកន្លែងខ្លះមានមនុស្សពពាក់ពពួនយ៉ាងខ្លាំងក៏ដោយ។ តែទោះជាយ៉ាងណាស្ថានភាពឆ្លងគឺមិនទាន់មើលឃើញនោះទេ ដោយនឹងរង់ចាំមើល ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេលពីមួយសប្តាហ៍ ទៅពីរសប្តាហ៍សិន នោះនឹងអាចដឹងបានថាកម្រិតនៃការឆ្លងមានដល់ណាហើយ។

សម្តេចតេជោ បានបន្ថែមថា នៅពេលចេញជាលទ្ធផលហើយនោះ រាជរាដ្ឋាភិបាលនឹងបន្តចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងសភាពការដែលកើត មានឡើង។ សម្តេចតេជោក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ និទទួលយកនូវសំណូមពរ តាមរយៈការទទួលយកវ៉ាក់សាំងដូសជំរុញនេះ ដើម្បីធានបានថាប្រទេសកម្ពុជា និងមានសុវត្ថិភាពគ្រប់គ្រាន់ផងដែរ។

សូមបញ្ជាក់ដែរថា គិតត្រឹមយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៥២,១៧១នាក់។ ក្នុងនោះរួមមាន៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៧៣,៧៤០នាក់, ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ១,៨៣០,៧៦៧នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៦,៨៣៥នាក់, អាយុ៥ឆ្នាំ ៣៧៩,៤២៥នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ៣២១,៤០៤នាក់៕