(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីអតីតកាលដ៏ជូរចត់ដែលសម្តេចធ្លាក់ខ្លួនពិការភ្នែក ចំពេលបុណ្យចូលឆ្នាំខ្មែរ កាលពីសម័យសង្គ្រាម៤៧ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៥។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបដិមាភិសេករូបសំណាកព្រះថោង-នាងនាគ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «កាលពី៤៧ឆ្នាំមុន ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ថ្ងៃនេះហើយគឺជាថ្ងៃចុងក្រោយដែលខ្ញុំព្រះករុណាខ្ញុំក្លាយខ្លួនពីជនដែលមិនពិការទៅជាជនពិការភ្នែក នៅវេលពេលនោះម៉ោងនេះ ខ្ញុំព្រះករុណាខ្ញុំបានសន្លប់ ដោយមិនបានដឹងថាតើមានអ្វីកើតឡើងក្រោយពេលដែលខ្ញុំសន្លប់នោះឡើយ»

សម្ដេចតេជោបានបន្តថា នោះហើយជាបញ្ហាសង្គ្រាម ដែលប្រទេសកម្ពុជាកាលណោះខ្វះនូវសន្តិភាព ដោយសារតែសង្គ្រាមបានឆាបឆេះតាំងពីក្រោយរដ្ឋប្រហារ ១៨ មីនា ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ ដូច្នេះហើយបានជានៅក្រោយពេលដែលសម្ដេចតេជោ ហ៊ុន សែន មានលទ្ធភាពដឹកនាំប្រទេស សម្ដេចប្ដូរផ្ដាច់ដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព ស្វែងរកសន្តិភាពឱ្យប្រជាជនឱ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន មិនចង់ឱ្យយុវជន និងកុមារមានវាសនាអភព្វដូចជាខ្លួនសម្ដេចនោះឡើយ ដែលធ្លាក់ខ្លួនជាជនរងគ្រោះដោយសារសង្គ្រាមនោះទេ ហើយក៏មិនអនុញ្ញាតឱ្យអ្នកណាមកបំផ្លាញសន្តិភាពរបស់កម្ពុជានោះឡើយ។ ដោយសារតែសន្តិភាព បានជាគ្រប់គ្នាមានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំ និងកម្មវិធីគ្រប់យ៉ាង ដែលជាតម្រូវការរបស់ប្រជាជននៅក្នុងប្រទេស។

ជាការសង្កត់ធ្ងន់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្វែងរកសន្តិភាព កុំចាំដល់មានសង្គ្រាមកើតឡើង ទើបគិតថាសន្តិភាពមានតម្លៃ គ្រប់គ្នាត្រូវមើលឱ្យឃើញថា សន្តិភាពមានតម្លៃតាំងពីពេលកន្លងទៅនិងនៅពេលនេះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាការពារ បើទោះបីអ្នកណានៅក្នុងគណបក្សណាក៏ដោយ ក៏មានភារកិច្ចត្រូវការពារសន្តិភាព៕