(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវចំនួន៤ចំណុចដល់ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដូចតទៅ៖

ទី១៖ សម្ដេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាល ហើយប្រសិនបើមានការសង្ស័យត្រូវប្រញាប់ទៅធ្វើតែរកកូវីដ១៩ ភ្លាមៗ។ បើឃើញមានវិជ្ជមាន ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាល។ សម្ដេចតេជោបានបញ្ជាក់ថា ទោះបីជាពេលនេះយើងបើកឲ្យខេត្តចំនួន៤ លើកលែងការពាក់ម៉ាស ប៉ុន្តែក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ យើងមិនបានឃើញប្រជាពលរដ្ឋពាក់ម៉ាស់ច្រើននោះទេ ។

ទី២៖ សម្ដេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងគ្រប់គ្រាន់ ទទួលយកដូសជំរុញ ជាដូសទី៣ ឬក៏ដូសទី៤ ឲ្យបានគ្រប់គ្នា។ សម្ដេចបានលើកឡើងថា ទោះបីជាអាជ្ញាធរបានរៀបចំកន្លែងចាក់វ៉ាក់សាំងដ៏ច្រើន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងច្បាស់ថា នៅពេលចាក់វ៉ាក់សាំងពួកគាត់តមងូតទឹកមួយថ្ងៃ ឬប៉ុន្មានម៉ោង ដោយពួកគាត់ត្រូវការងូតទឹកឬលេងទឹកអំឡុងបុណ្យចូលឆ្នាំ ដូច្នេះពួកគេអាចនឹងមិនចាក់វ៉ាក់សាំង។ សម្ដេចសង្ឃឹមថាប្រជាពលរដ្ឋទាំងនោះនឹងទទួលយកវ៉ាក់សាំងនៅថ្ងៃចុងក្រោយ ឬពេលត្រឡប់មកផ្ទះវិញ។ ទាក់ទងនឹងការឆ្លងកូវីដ១៩ សម្ដេចក៏នឹងរង់ចាំមើលរយៈពេលមួយ ឬ២សប្តាហ៍ទៀត ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីធ្វើការវាយតម្លៃ។ សម្ដេចសង្ឃឹមថាពលរដ្ឋនឹងទទួលយកនូវសំណូមពរនេះ។

ទី៣៖ សម្ដេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដើរកម្សាន្តទាំងអស់នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី សូមឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា កុំឱ្យការសប្បាយក្លាយទៅជាទុក្ខ ព្រោះរយៈពេលប៉ុន្មានថ្ងៃមកនេះកូវីដ១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សរាល់ថ្ងៃ។ ទាំងនេះហើយគឺជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។

ទី៤៖ សម្ដេចបានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីភាពសុខសាន្តរបស់ប្រជាជនរបស់យើង។ នៅគ្រប់ទីកន្លែងសុទ្ធតែមានការរៀបចំកងកម្លាំងដើម្បីការពារ ដែលសម្ដេចសុំយកឱកាសនេះកោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារីករាយសប្បាយជាមួយបុណ្យចូលឆ្នាំដោយគ្មានចម្បាំងរាំងជល់ និងសត្រូវយាយី ចោរលួចចោរប្លន់ជាដើម។ សម្ដេចក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបន្តការពារបន្តទៀត៕