(ព្រះសីហនុ)៖ ថ្លែងចេញខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនដាក់បំរាមណាមួយ ទៅលើការលេងកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនោះទេ ដូច្នេះប្រជាពលរដ្ឋអាចលេងកម្សាន្ដបានដោយសេរី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅកាន់អាជ្ញាធរ និងមន្ដ្រីមានសមត្ថកិច្ចទាំងអស់ មិនត្រូវអនុវត្តវិធានសុខាភិបាល សម្រាប់ការលេងកម្សាន្ដនៅក្នុងពេលចូលឆ្នាំនេះដែរ ពោលមិនត្រូវប្រើប្រាស់ច្បាប់កូវីដ១៩ ទៅលើប្រជាពលរដ្ឋដែលមិនបានអនុវត្តវិធានសុខាភិបាលបានត្រឹមត្រូវនោះទេ។ ការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីបែបនេះ ក្រោយមើលឃើញថា ក្នុងរយៈពេល២ថ្ងៃកន្លងមក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋអនុវត្តមិនបានត្រឹមត្រូវនូវវិធានសុខាភិបាលនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្មានបំណងដាក់បំរាមណាមួយ ទៅលើការលេងកម្សាន្ដរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំនោះទេ ហើយក៏សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តច្បាប់ទាក់ទងទៅនឹងច្បាប់គ្រប់គ្រងកូវីដ១៩ និងជំងឺឆ្លងដទៃទៀត គឺមិនអនុវត្តនៅក្នុងដំណាក់កាលចូលឆ្នាំ លើកលែងតែមានស្ថានភាពឆ្លងធ្ងន់ធ្ងរ យើងនឹងប្រកាសជូនប្រជាពលរដ្ឋរបស់យើង ដើម្បីផ្អាកការលេង ឬកាត់បន្ថយការលេង ដូច្នេះនៅតាមភូមិឃុំ នៅតាមតំបន់ទេសចរណ៍នានា នៅតែបន្ដដំណើរការធម្មតា»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញរបាយការណ៍រាយការណ៍របស់ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជុំវិញតួលេខនៃការដើរលេងកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ រយៈពេល២ថ្ងៃមកនេះ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា អ្វីដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកាលពីឆ្នាំកន្លងទៅ លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីបានភាពសប្បាយរីករាយនៅពេលនេះ។ សម្ដេចថា កាលពីពេលមុន យើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ការពារជំងឺកូវីដ១៩ ប៉ុន្ដែបន្ទាប់ពីស្រោចវ៉ាក់សាំងបានជោគជាំ យើងមានភាពស៉ាំសហគមន៍ និងអាចគ្រប់គ្រងបានលើការឆ្លងជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញ ដែលត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ១២នាក់ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋជាង១លាននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស ដោយក្ដីសប្បាយរីករាយជាពន់ពេក ជាមួយនឹង «សន្ដិភាព» ពាសពេញផ្ទៃប្រទេសកម្ពុជា។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះខ្មែរនៅបរទេស និងទេសចរណ៍អន្ដរជាតិ ដែលមានបំណងមកកម្សាន្ដនៅកម្ពុជា អាចធ្វើដំណើរមកដោយសេរី ព្រោះកម្ពុជាមិនត្រូវការវិញ្ញាបនត្របញ្ជាក់តេស្ដអវិជ្ជមាន ៧២ម៉ោងនោះទេ ដោយតែបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ អាចចូលមកដោយសេរី មិនធ្វើតេស្ដកូវីដនោះទេ ហើយក៏មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះដែរ។

តាមសេចក្ដីរាយការណ៍នានា បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងតែសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់វិធានការផ្សេងៗ ទាំងការបិទខ្ទប់ កាលពីពេលកន្លងទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺនេះ។

ក្រោយជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្ដ្រចាក់ស្រោចនូវវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស៉ាំសហគមន៍ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញនោះ យើងបានកាត់បន្ថយ និងកំពុងតែឈានទៅរកការកាត់ផ្ដាច់ទាំងស្រុងនូវការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ទើបរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមានការឈប់សម្រាក និងរៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មីនាពេលនេះ។

សូមជម្រាថា ក្នុងថ្ងៃទីពីរ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរប្រមាណជាង១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ហើយប្រសិនបើសរុបទាំង២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ គឺមានចំនួនសរុបជាង២លាន៤៤ម៉ឺននាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់៕