(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី និងប្រទេសរុស្ស៊ី កំពុងរៀបចំឲ្យមានជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយលោក ប្លាឌឺមៀ ពូទីន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយនេះ។

លោក ជុំ សុន្ទរី បានថ្លែងប្រាប់អ្នកសែតនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះទៀត ព័ត៌មានលំអិតជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ី នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដឹងផងដែរថា សម្តេចនឹងញ្ជើញទៅកាន់ប្រទេសរុស្ស៊ី ដែលការអញ្ជើញនេះ ដើម្បីបំពេញទស្សនកិច្ច និងដើម្បីចូលរួមកិច្ចប្រជុំខួប ២០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និង រុស្ស៊ី៕