(បន្ទាយមានជ័យ)៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារ បានអញ្ជើញទៅថ្វាយបង្គុំព្រះសង្ឃ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តចំនួន០៤ នៃស្រុកចំនួន០២ គឺវត្តកណ្តាល វត្តជ័យឧត្តម ស្ថិតនៅឃុំស្រះជីកនិងវត្តត្រពាំងថ្ម ស្ថិតនៅឃុំត្រពាំងថ្ម ស្រុកភ្នំស្រុក និងវត្តខ្ចាស់ ស្ថិតឃុំបុស្សស្បូវ ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានកោតសសើរ និងអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបង្កលក្ខណឱ្យប្រជាពលរដ្ឋទាំងអស់ បានចូលរួមធ្វើបុណ្យទាន និងបង្កើតកម្មវិធីសង្រ្កាន្តឆ្នាំថ្មី រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ ពិសេសអរគុណដល់នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស។

លោកក៏បានថ្លែងបន្តថា «ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ គឺឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មានសន្តិភាព សន្តិសុខ បានធ្វើប្រជាពលរដ្ឋយើងមានជីវភាពធូរធារ»

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណដល់មាតាបិតាទាំងអស់ ដែលបានខិតខំចិញ្ចឹមបុត្រធីតាបានយ៉ាងល្អ ចៀសផុតពីជំងឺកាចសាហាវទាំងពួង ចៀសចាកផុតពីបញ្ហាសង្គម ពិសេសបញ្ហាគ្រឿងញៀន។

ជាមួយនឹងឱកាសដ៏សប្បាយរីករាយជ្រះថ្លានោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកទេយ្យវត្ថុ បច្ច័យ និងអំណោយ ទៅវេរប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ផងដែរ៕